ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃ១៤ដល់ទី២០កក្កដា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤នេះ ដល់ទី២០ ខែកក្កដា ឆ្នាំ២០២១។ សួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើ ព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតី ក៏មានល្បឿនជាបង្គួរផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះ នៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។
២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
៣)តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។
ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕