ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មាន ដែលថា ជំងឺកូវីដ ១៩ គឺជាបាក់តេរី មិនមែនជាវីរុស

54

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺកូវីដ ១៩ គឺជំងឺបង្កឡេីងដោយវីរុសកូវីដ១៩ ដែលរហូតមកទល់ ពេលនេះ មិនមានឱសថព្យាបាលជាក់លាក់នៅឡេីយទេ ។

ក្រសួងសុខាភិបាល លេីកឡេីងថា ការផ្សាយដែលថាជំងឺកូវីដ ១៩គឺជាបាក់តេរី ដែលត្រូវបានប៉ះពាល់ដោយវិទ្យុសកម្ម និងបញ្ចូលឈាមបណ្ដាលឱ្យមនុស្សស្លាប់ គឺជាព័ត៌មានមិនពិតក្លែងបន្លំ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង សូមប្រកាសច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបុរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់លើ ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្ដាលឲ្យស្លាប់មនុស្ស ព្រមទាំង អាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើមព្រោះខួរក្បាលបេះដូងនិងសូតមិន អាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសរដាក់ប្រភពថា៖ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជា ព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គមនៅក្នុងដំណាក់កាលដលរណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាត ពីវីរុសកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺ កូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ ព្យាបាលជាក់លាក់ណាមួយនោះឡើយ ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទព័ត៌មានដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពី ការឆ្លងវីរុសកូវីដ-១៩ : ព្រមទាំងជម្រុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះ ហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានរុសកូវីដ-១៩ ឱ្យស្របតាមរបស់ខៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហារសនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ(ពាក់ម៉ាស់ លាងដឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅ កន្លែងមានមនុស្សកុះករចើនកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងនាំគ្នាស្ម័គ្រចិត្តទៅទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ ក្រសួងសុខាភិបាល WWW.dicmoh.gov.kh ដែលគេហទំព័រនេះមានសម្ភាអប់រំសុខភាពដែលអាចទាញយកមកមើល និងប្រើប្រាស់បាន៕

អត្ថបទដែលជាប់ទាក់ទង