លោកស្រី ឱ វណ្ណឌីន នាំយកថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ប្រគល់ជូនកសិករម្នាក់ ជាអ្នកចាក់វ៉ាក់សាំងទី៥លាន នៅខេត្ដឧត្ដរមានជ័យ
ឧត្ដរមានជ័យ៖ លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នឹងនាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាន ដែលបានទៅលើ លោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។
ការប្រគល់ថវិកាឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៥លាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងទទួលការឧបត្ថម្ភនូវទឹកប្រាក់ ១០លានរៀល និងសម្ភារមួយចំនួនទៀតពីសម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះក្នុង Facebook ផ្លូវការ របស់សម្តេចយ៉ាងដូច្នេះថា «សូមអបអរសាទរ ចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។
សម្តេចក៏បានកោតសរសើរ ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជា ដែលមកដល់ពេលនេះ កម្ពុជាចាក់បាន៥០ភាគរយនៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,១០៤,៨៤៦នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៥១.០៥%៕