នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ប្លន់ម៉ូតូ១គ្រឿង
ប៉ៃលិន ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីកំហែងយក ប្លន់ម៉ូតូ១គ្រឿង ហើយក្នុងពេលដែលសមត្ថកិច្ចដេញតាម ជនសង្ស័យក៏បានផ្ទុះអាវុធ មកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ កម្លាំងក៏បានតបតវិញក្នុងការប្រើសិទ្ធិការពារខ្លួន។
អំពើប្លន់ប្រដាប់អាវុធនេះ កើតឡើងនៅវេលាម៉ោង១៨និង៣០នាទី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីប្លន់នេះ កម្លាំងនគរបាលជំនាញ បានចុះសហការធ្វើស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញា ក្នុងករណីប្លន់ប្រដាប់អាវុធតាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ ព្រឹកថ្ងៃទី១៩ ខែកក្កដា ដោយមានការសង្ស័យ ពីកន្លែងលាក់ខ្លួនរបស់ជនង្ស័យ កម្លាំងបានធ្វើការបែងចែកជា២ក្រុម ដឹកនាំកម្លាំងលោកវរសេនីយ៍ត្រី ឡោ ពុធអធិការរង ពេលម៉ោង៧និង៣០នាទីព្រឹក នៅចំណុចចម្ការដំឡូខាងកើតសៃឡូតាឡិ ក៏មានម៉ូតូ១គ្រឿង បើកឆ្លងកាត់ដោយមានការសង្ស័យក៏បានហៅសាកសួរ តែជនសង្ស័យមិនឈប់ដោយព្យាយាមបើកគេច ហើយកម្លាំងបានប្រដេញតាម ដល់ចំណុចកើតហេតុនៅវេលាម៉ោង ជនសង្ស័យក៏បានផ្ទុះអាវុធ មកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ កម្លាំងក៏បានតបតវិញក្នុងការប្រើសិទ្ធិការពារខ្លួន ។
សមត្ថកិច្ចបន្តថា រហូតដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើបអង្កេតឈានទៅឃាត់ខ្លួនសង្ស័យចំនួន០៤នាក់ មាន៖ ១ ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ២ ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ៣ ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៤ ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងដកហូតរួមមាន ៖ អាវុធខ្លីកែច្នៃចំនួន ០១ដើម, អាវុធវែងកែច្នៃប្រើខ្យល់ចំនួន ០១ដើម , កាំបិតខ្លីចំនួន ០១ដើម ,គ្រាប់កាំភ្លើងAK ចំនួន ០៧ ។ ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង អនុវត្តបន្តតាមនីតិវិធី ៕