ព្រះរាជអាជ្ញា ច្រឹង ខ្មៅ ៖ ពួកក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញរបស់ពួកគេ ពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ ឲ្យហ៊ានប្រព្រឹត្តបទល្មើស
ភ្នំពេញ ៖ ឯកឧត្តម ព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានបញ្ជាក់ថា បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់ដែលបានដុតបំផ្លាញនាពេលនេះ គឺពួកក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញរបស់ពួកគេ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ភាគច្រើនជាយុវវ័យបានប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ។
ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីដុតបំផ្លាញគ្រឿងជាង៧តោន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង និងខេត្តតាកែវ។ គ្រឿងញៀនជាង៧តោននេះ ត្រូវបំផ្លាញចោលដោយវិធីដុតមានចំនួនជាង៤តោន និងបំផ្លាញចោលដោយវិធីបន្សាបមានចំនួនជាង៣តោន។
ដើម្បីអបអរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគឿងញៀន ថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៩ ខែកក្កដានេះ បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីតំណាងស្ថានទូតនានាប្រចាំកម្ពុជា ប្រធាន FBI អាមេរិកប្រចាំកម្ពុជា និងតំណាងការិយាល័យ UNODC ប្រចាំកម្ពុជាផងដែរ។ ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ធ្វើឡើងនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
បើតាមសន្ទរកថា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន និងជាប្រធានគណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោល ដែលក្នុងនោះរួមមាន ៖ វត្ថុតាងទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ដែលគណៈកម្មការយើងបានរៀបចំរួចជាស្រេចតាមអំណាចសាលក្រម និងសាលដីកាឱ្យធ្វើការដុតបំផ្លាញតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា សម្រាប់សារធាតុញៀន ដែលត្រូវដុតបំផ្លាញចោលនៅថ្ងៃនេះ គឺមានជាង៤តោន និងសារធាតុគីមីផ្សេងៗមួយចំនួនទៀត មានជាង៣តោន ដែលនឹងត្រូវបំផ្លាញដោយវិធីបន្សាប។
ជាមួយគ្នានេះ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្នុងពេលបច្ចុប្បន្នសំណុំរឿងគ្រឿងញៀនបានដំណើរការជាធម្មតា ដោយដោះស្រាយសំណុំរឿងគ្រឿងញៀនតាមលំដាប់លំដោយ ។
ឯកឧត្តម ច្រឹង ខ្មៅ បញ្ជាក់ថា បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺពួកក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញរបស់ពួកគេ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ភាគច្រើនជាយុវវ័យបានប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសាធារណ ក្នុងសង្គមជាតិ។
ឯកឧត្តមព្រះរាជអាជ្ញារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំណែកសមត្ថកិច្ចរបស់យើងទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអយ្យការ តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ ដោយមិនយោគយល់ ឬអត់ឱនឱ្យជនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះ តុលាការនឹងផ្តន្ទាទោសជនល្មើសយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិច្បាប់ជាធរមាន»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ច្រឹង ខ្មៅ បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាគ្រឿងញៀនអន្តរជាតិលើកទី២២ ដែលត្រូវបានពន្យាពីថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី១៩ ខែកក្កដា នេះដោយសារបញ្ហាជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ ឯកឧត្តម ច្រឹង ខ្មៅ បានបន្ថែមថា ដោយសារសារធាតុគីមីផ្សំ និងសារធាតុគីមីប្រភេទខ្លះ មានលក្ខណៈគីមី ឆាបឆេះខ្លាំង និងបង្កើតកម្រិតពុលខ្ពស់ មិនអាចធ្វើការបំផ្លាញដោយវិធីដុតបាននោះទេ ព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាព និងបរិស្ថាន។ ជាមួយគ្នានោះ ក្រុមការងារបច្ចេកទេសក៏បានធ្វើការបែងចែករបៀបបំផ្លាញជាពីរវគ្គដាច់ដោយឡែកពីគ្នា គឺការបំផ្លាញដោយវិធីដុត និងការបំផ្លាញដោយវិធីបន្សាបតាមបច្ចេកទេសគីមីមានសុវត្ថិភាព ។ ចំពោះសារធាតុដែលត្រូវការបន្សាប គណៈកម្មការដុតបំផ្លាញគ្រឿងញៀនសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបចេ្ចកទេសនៅពេលក្រោយ ។
ក្នុងឱកាសនោះ ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនអង្គពិធីទាំងមូលថា គ្រឿងញៀនប្រមាណជាង៧តោនដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត រាជធានីចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តតាកែវ។
បើយោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ឋប្រឆាំងគ្រឿងនោះរួមមាន៖ ហេរ៉ូអ៊ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់៕