ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន ទទួលអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន

40

 

ខេត្តកំពង់ចាម ៖ នៅថ្ងៃឣង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន គឺលោកស្រី ផេង សឿន​ អាយុ៦៧ឆ្នាំ ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺ។ ជាពិសេសការអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» ហើយកាត់បន្ថយការធ្វើដំណើរបើគ្មានករណីចាំបាច់ទេនោះ។

លោកស្រី បានអះអាងថា មានតែការចាក់វ៉ាក់សាំង ហើយបន្តអនុវត្តនូវវិធានសុខាភិបាលទាំងនេះទេ ទើបអាចបង្ការការរាតត្បាតជំងឺកូវីដ១៩។

មកដល់ពេលនេះ ប្រទេសកម្ពុជា មានវ៉ាក់សាំងនៅក្នុងដៃរហូតដល់ ១៦លានដូសហើយ។ វ៉ាក់សាំង ១៦លានដូសនេះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងអាស្ត្រាហ្សេនីកា។ មានការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនស្វះស្វែងរកវ៉ាក់សាំងពីប្រទេសដទៃចាក់ជូនប្រជាពលរដ្ឋ ដូចជាសហរដ្ឋអាមេរិកជាដើម។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាល មិនចង់រកវ៉ាក់សាំងពីប្រទេសដទៃនោះទេ តែរកទិញមិនបាន។ លោកស្រី បានបញ្ជាក់ថា ប្រទេសដែលផលិតវ៉ាក់សាំងខ្លះអាត្មានិយម ផលិតវ៉ាក់សាំងបាន គឺទុកចាក់តែពលរដ្ឋរបស់ពួកគេ។

លោកស្រី បានបញ្ជាក់ថា អ្នកខ្លះសួរថា ហេតុអ្វីបានជាទៅទិញតែពីចិន ម៉េចក៏អាមេរិកអី មិនទិញ? មិនមែនមិនចង់ទិញទេ តែទិញវាមិនបាន។ វ៉ាក់សាំងនេះ វាមានប្រសិទ្ធភាព និងគុណភាពដូចគ្នា បើយើងមិនទិញពីចិន តើយើងទៅទិញពីណា? បើប្រទេសធំៗមួយចំនួន គាត់ផលិតមក គាត់ចាក់ជូនប្រជាពលរដ្ឋគាត់សិន គាត់អត់មានលក់ទៅឱ្យប្រទេសណា គាត់ចាក់ឱ្យប្រជាពលរដ្ឋគាត់សិនហ្នឹង៕

អត្ថបទដែលជាប់ទាក់ទង