ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ដែលបានកាប់រានដីព្រៃ១៥,៩៦ហិកតា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកវាលវែង

54

ស្រុកវាលវែង៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព សហការជាមួយមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គការអភិរក្សអន្ដរជាតិ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស កាប់រុករានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិខុសច្បាប់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចដំណាក់ម្អម ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក សៀន វីរ: នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចចម្រុះ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ទំហំដីដែលជនសង្ស័យបានកាប់រានដីព្រៃចំនួន១៥,៩៦ហិកតា ដោយបានប្រើប្រាស់រណាយន្ដចំនួន០៥គ្រឿង និងកាំបិតចំនួន ០៨ផ្លែ និងពូថៅចំនួន ០១។
ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានដុតបំផ្លាញខ្ទមចំនួន ០៣, ជំរុំប្រក់តង់ចំនួន ០៤ និងដកហូតអន្ទាក់សត្វចំនួន ១០០ខ្សែ។
លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្តទៀតថា ចំពោះវត្ថុតាងរណាយន្ដចំនួន ០៤គ្រឿង និងអន្ទាក់សត្វចំនួន ១០០ខ្សែ ត្រូវបានយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលរវៀង។
ចំណែករណាយន្ដធន់ធំចំនួន ០១គ្រឿង កាំបិតចំនួន០៨ផ្លែ និងពូថៅចំនួន ០១ ប្រធានក្រុមការងារសម្រេចប្រគល់ជូនប្រជាការពារ និងរដ្ឋបាលស្រុកវាលវែងរក្សាទុក។
ចំពោះជនសង្ស័យទាំង៨នាក់ត្រូវបាននាំមកកាន់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ខូយ រីដា និង អភិបាលស្រុកវាលវែង បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ហាមមិនឱ្យកាប់រុករានដីព្រៃឬកាប់គាស់ភ្នំយកដីធ្វើកម្មសិទ្ធិ និងបរបាញ់សត្វខុសច្បាប់បន្តទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង