សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០ គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៣៥ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុច ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ទី២ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ទី៣នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ២នាក់ ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ។ ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
ចាប់យកវត្ថុតាង សារធាតុញៀនសរុប ៥០គីឡូក្រាម ២៨៦,៦៦ក្រាម ក្នុងនោះមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ៣០គីឡូក្រាម ៣៤០ក្រាម កេតាមីន(Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គីឡូក្រាម ៩៤៦,៦៦ក្រាម ទូរស័ព្ទ ៣គ្រឿង ម៉ូតូ ១គ្រឿង
រថយន្ត ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕