ជប៉ុនផ្តល់ជំនួយ ៣.៣លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយចំនួន ៣៦២ លានយ៉េន ដែលស្មើនឹងប្រមាណ ៣.៣លានដុល្លារអាមេរិកថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
តាមរយៈគម្រោងនេះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួលបានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន ។
ក្នុងពិធីចុះហត្ថលេខានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុនបានផ្តល់ដល់ប្រទេសកម្ពុជា នូវគំរោងអាហារូបករណ៍និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។
លោកលើកឡើងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា ជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង ៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ ២៣០លានដុល្លារ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយនៃវ៉ាកសាំងសរុបចំនួន ១លានដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងបានពិពណ៌នាការបរិច្ចាគនេះថា ជា «ភ័ស្តុតាងថ្មីដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រប្រទេសដែលមានធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។
«ជំនួយរបស់ប្រទេសជប៉ុននេះ ដែលគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា»។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ លោកឧបនាយករដ្ឋមន្រ្តី៕