ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ ៥៧១នាក់ បានដាក់ប្រាក់វិនិយោគ ជាមួយក្រុមហ៊ុន GOLDFX សរុបចំនួន $7,981,450 បានដាក់លិខិត សុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី

150

 

ភ្នំពេញ ៖ លោកដួង​ តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ ៥៧១នាក់ បានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន GOLDFX INVESTMENT CO., LTD សរុបចំនួន $7,981,450 បានដាក់លិខិតសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី (ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មកដល់សព្វថ្ងៃ) អំពីការបាត់បង់សាច់ប្រាក់ដែលពួកគាត់បានដាក់វិនិយោគ (Forex) ជាមួយក្រុមហ៊ុន GoldFX Investment Co., Ltd ។

លោកដួង​ តារា កាលពីថ្ងៃទី២៧ខែកក្កដា បានចេញផ្សាយព័ត៌មានលើហ្វេសប៊ុកថា GoldFx Investment Co., Ltd
ដោះស្រាយបញ្ហាបញ្ចប់ថ្ងៃនេះ ប្រសើរជាងទុកបញ្ហានេះឲ្យអ្នកដទៃទទួលរងអម្រែកកាន់តែធ្ងន់។ លោកបន្តថា កាលពីព្រឹកមិញ ខ្ញុំបានជម្រាបទៅ លោក ប៊ុន គិរីរិទ្ធ តំណាងក្រុមហ៊ុន GoldFx Investment Co., Ltd អំពីការស្នើសុំពន្លឿនដំណោះស្រាយ ពីតំណាងប្រជាពលរដ្ឋចំនួន ៥៧១នាក់ ដែលកន្លងមក បានដាក់ប្រាក់វិនិយោគជាមួយ GOLDFX INVESTMENT CO., LTD សរុបចំនួន $7,981,450 (ប្រាំពីរលាន ប្រាំបួនសែន ប្រាំបីម៉ឺន មួយពាន់បួនរយហាស៊ិបដុល្លារ) ។

ជំនួយការសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក ប៊ុន គិរីរិទ្ធ បានប្រាប់ខ្ញុំថាពេលនេះគាត់កំពុងធ្វើការជាមួយក្រុមហ៊ុន ហើយសុំអោយខ្ញុំជូនដំណឹងទៅបងប្អូនទាំង ៥៧១នាក់ផង។ ខ្ញុំមានជំនឿនិងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងពន្លឿនការដោះស្រាយ ជូនពួកគាត់បានឆាប់ៗនេះ។ ទន្ទឹមនឹងនោះដែរ ខ្ញុំបានសុំពេលជួបប្រជុំ ដោយផ្ទាល់ រវាងតំណាងក្រុមហ៊ុន GFX ជាមួយនឹងតំណាងប្រជាពលរដ្ឋ នៅក្នុងសប្តាហ៍នេះ។ ខ្ញុំសូមអរគុណយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋទាំង ៥៧១នាក់ ដែលបានរក្សាភាពស្ងប់ស្ងៀម ប្រកបដោយភាពអត់ធ្មត់បំផុត តាមការណែនាំរបស់ខ្ញុំ ក្នុងការចូលរួមដោះស្រាយបញ្ចប់បញ្ហា ជាមួយក្រុមហ៊ុន។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម​ និងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង