លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមានផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៤កន្លះល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ ក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមាន ផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្របពេលដែលសមុទ្រមានភ្លៀង ខ្យល់និងរលកខ្លាំង។ ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវបានដឹកតាមអូប័រពេទ្យល្បឿនលឿន មកដល់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្តតាមរថយន្ត សង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅ មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ នៅល្ងាចថ្ងៃដដែល។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួល ក្នុងការជួយសង្គ្រោះ ពលរដ្ឋដែលត្រូវការសង្គ្រោះបន្ទាន់ ក្រៅពីអូប័រពេទ្យល្បឿនលឿន លោកឧកញ៉ា ក៏បានទិញរថយន្តសង្គ្រោះថ្មីនិងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារជួយ សង្រ្គោះប្រជាពលរដ្ឋផងដែរ៕