រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការ រាលដាលនៃជំងឺកូវីដ១៩
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩។ សារាចរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែង Delta។ ក្នុងសារាចរនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការសំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី នៅក្នុងសហគមន៍។ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ បន្ថែមលើវិធានការបង្ការ, ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តគន្លឹះ និងជាខ្សែក្រវាត់ការពារសំខាន់ ជាងគេ ដើម្បីបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាពនិង អាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ ទោះបីជាមកដល់ពេលនេះស្ថានភាពនៃជំងឺកូវីដ-១៩ ពុំទាន់ឈានដល់ការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍យ៉ាងណាក្តី ប៉ុន្តែ ការឆ្លងរាលដាលនៅមិនទាន់បានថមថយ និងនៅតែបន្តកើនឡើងក្នុងកម្រិត មួយសកម្ម ដែលជាបញ្ហាប្រឈមដ៏គួរឱ្យបារម្ភ។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជាក៏បានរកឃើញជាបន្តបន្ទាប់ នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលជាករណីនាំចូលតាមរយៈអ្នកដំណើរ ពីក្រៅប្រទេស ជាពិសេស អ្នកដំណើរមកពីប្រទេសថៃតាមព្រំដែនគោក។ ក្នុងរយៈពេលចុងក្រោយនេះ ការរកឃើញក្នុង ចំនួនកាន់តែច្រើនឡើងនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករខ្មែរដែលវិលត្រឡប់មកពី ប្រទេសថៃ តាមព្រំដែនគោក គឺជាកង្វល់ដ៏ធំ និងជាការគំរាមកំហែង ជាប់ជាប្រចាំដល់ព្រះរាជាណាចក្រកម្ពុជា ដោយសារមេរោគប្រភេទថ្មីនេះ មានកម្រិតនៃការឆ្លងរាលដាលលឿន និងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន ហើយហានិភ័យបានឈានដល់កម្រិតខ្ពស់គួរឱ្យបារម្ភ ជាមួយនឹងការរកឃើញមេរោគប្រភេទថ្មីនេះ ជាលើកដំបូង ក្នុងសហគមន៍ ជាពិសេស នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ព្រមទាំងខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំពោះមុខស្ថានភាពដែលកំពុងវិវត្តយ៉ាងលឿនគួរ ឱ្យបារម្ភនេះ និងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ពុំទាន់សម្រេចបាន ដោយជោគជ័យក្នុងការបង្កើតឱ្យមានពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍ សម្រាប់ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយសារយុទ្ធនាការជាតិចាក់វ៉ាក់សាំងពុំទាន់ត្រូវបានបញ្ចប់នៅឡើយ, វិធានការបង្ការ និងទប់ស្កាត់ ត្រូវបានចាត់ទុកជាវិធានការអាទិភាព និងជាគន្លឹះដ៏សំខាន់ ក្នុងការកាត់បន្ថយ អត្រានៃការឆ្លងរាលដាល ព្រមទាំងអត្រាមរណភាពដែលបណ្ដាលមកពីជំងឺនេះ ក៏ដូចជាក្នុងការទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺនេះ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ជាការពិត ការចូលរួមប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រជាពលរដ្ឋគ្រប់ៗរូប, គ្រួសារនីមួយៗ, សហគមន៍ និងពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ក្នុងការ អនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនពីជំងឺនេះ គឺជាកត្តាសំខាន់ជាងគេ ក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ កន្លងមក ក្រសួងសុខាភិបាលបានធ្វើ ការផ្សព្វផ្សាយ ក៏ដូចជាអប់រំ, ពន្យល់ និងណែនាំយ៉ាងទូលំទូលាយច្រើនលើកច្រើនសា ជាបន្តបន្ទាប់ជូនប្រជា ពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃជំងឺនេះចំពោះអាយុជីវិតប្រជាជន និងប្រទេសជាតិ ព្រមទាំងអំពីវិធី ការពារខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបង្ការពីការឆ្លងនៃជំងឺនេះ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋមួយចំនួននៅត មានការធ្វេសប្រហែស មិនបានអនុវត្តឱ្យខ្ជាប់ខ្ជួន និងឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅឡើយ។ ដូចនេះ ការពង្រឹងវិធានការទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុវត្ថិភាពសុខាភិបាល ទាំងផ្នែកផ្លូវច្បាប់ គឺជា កត្តាសំខាន់ដ៏ចាំបាច់ បន្ថែមពីលើវិធានការអប់រំ និងណែនាំនានាកន្លងមក ដែលមិនត្រឹមតែអាចកាត់បន្ថយ បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវលក្ខណៈសម្បត្តិ ដើម្បី ឈានឆ្ពោះទៅការអនុវត្ត ផែនការយុទ្ធសាស្ត្រសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីយុទ្ធនាការនៃការចាក់វ៉ាក់សាំង នឹងត្រូវបញ្ចប់ដោយជោគជ័យនាពេលខាងមុខនេះ។ក្នុងន័យនេះ ដើម្បីធានាបានប្រសិទ្ធភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈម នឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta), រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩- នៅទូទាំង ប្រទេស សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងដាក់ចេញនូវវិធានការចាំបាច់ មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ក្នុងយុទ្ធនាការនេះ ដូចជា គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ព្រមទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានព្រមៗពេល ជាមួយគ្នា និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់និងតឹងរ៉ឹង នៅក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ។ ក្នុងរយៈពេលនៃការអនុវត្តយុទ្ធនាការនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវដាក់ចេញវិធានការ ចាំបាច់មួយចំនួន ៕