ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ចំនួន៣០នាក់អះអាងថា អ្នកទាំង០៤នាក់ កំពុងទាមទារដីចំណុចក្រុមហ៊ុន សេង សម្បត្តិ គឺជាការក្លែងបន្លំទាំងស្រុង និងគ្មានការពិត ហើយពុំមានដីក្នុងក្នុងតំបន់នេះទេ

89

កំពត ៖ នៅថ្ងៃទី២៩កក្កដា អាជ្ញាធរខេត្តកំពត បានចេញប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការធ្វើសន្និសីទសារព័ត៌មាន ដែលរៀបចំដោយប្រជាពលរដ្ឋ ចំនួន៣០នាក់ស្មើនឹង២០គ្រួសារ និងក្រុមហ៊ុន សេង សម្បត្តិ រៀល អ៊ីស្តេត ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា ដើម្បីឆ្លើយតបទៅ នឹងប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលបានចោទប្រកាន់មកលើ អាជ្ញាធរភូមិសុភី អាជ្ញាធរឃុំស្រែជាខាងជើង អាជ្ញាធរស្រុកដងទង់ និងរដ្ឋបាលខេត្តកំពត ថាបានជាប់ពាក់ព័ន្ធទៅនឹងការឃុបឃិត ស៊ីសំណូក សូកប៉ាន់ និងចេញលិខិតរឹបអូស ដីប្រជាពលរដ្ឋយកទៅលក់ឱ្យ ក្រុមហ៊ុន សេង សម្បត្តិ រៀលអ៊ីស្តេត ជាដើម។ បន្ទាប់មានការចោទប្រកាន់ខុសពីការពិតជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដចំនួន២០គ្រួសារ និងតំណាងក្រុមហ៊ុន សេង សម្បត្តិ រៀលអ៊ីស្តេត បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយនៅទីតាំងក្រុមហ៊ុន ដោយមានប្រជាពលរដ្ឋជាម្ចាស់ដី ពិតប្រាកដចំនួន៣៥នាក់ស្មើនឹង២០គ្រួសារ តំណាងក្រុមហ៊ុន សេង សម្បត្តិ រៀលអ៊ីស្តេត និងតំណាងបណ្តាញសារព័ត៌មាន ក្នុងស្រុកចំនួន១៣សារព័ត៌មានរួមមាន៖ ១.ទូរទស្សន៍ហង្សមាស ២.ទូរទស្សន៍ទទក ៣.ទូរទស្សន៍ CNC ៤.ទូរទស្សន៍អាស៊ីអាគ្នេយ៍
៥.ទូរទស្សន៍ msj ៦.ទូរទស្សន៍អប្សរា ៧.ទូរទស្សន៍ប៉ុស្តិ៍លេខ 5 ៨.កាសែតកោះសន្តិភាព ៩.កាសែតប្រជាប្រិយ៍ ១០.កាសែត fresh new ១១.គេហទំព័រ tnm ១២.គេហទំព័រcpn ១៣.ទូរទស្សន៍បាយ័ន។

ការធ្វើសន្និសីទសារព័ត៌មានខាងលើ ទទួលបានលទ្ធផលដូខាងក្រោមៈ ចំណុចទី១.ប្រជាពលរដ្ឋចំនួន៣៥នាក់ ស្មើនឹង២០គ្រួសារ បានអះអាងថា ពួកគាត់ទាំង២០គ្រួសារពិតជាមានដីទំហំ១២៩,០៧១ម៉ែត្រក្រឡា នៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សេង សម្បត្តិ នេះពិតបា្រកដមែន និងបានអាស្រ័យផល ដោយប្រកបរបរកសិកម្មតាំងពីឆ្នាំ១៩៨៤ មកម្លេះ និងមិនដែលមានទំនាស់ ជាមួយបុគ្គលណាមួយឡើយ លើសពីនេះពួកគាត់ពិតជាបានលក់ក្រុមហ៊ុន សេង សម្បត្តិ រៀលឥស្តេត ពិតបា្រកដមែន និងមិនមានទំនាស់អ្វីឡើយ។

ចំណុចទី២. តំណាងក្រុមហ៊ុន សេង សម្បត្តិ រៀល អ៊ីស្តេត បានអះអាងថា ក្រុមហ៊ុនបានទិញដីទំហំ១២៩,០៧១ម៉ែត្រក្រឡា ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពតពីប្រជាពលរដ្ឋចំនួន៣៥នាក់ ស្មើនឹង២០គ្រួសារ ហើយបានព្រមព្រៀងគ្នាលើការទិញលក់ ដោយគ្មានបញ្ហាអ្វីទាំងអស់។

ចំណុចទី៣.ប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលតែងតែធ្វើសកម្មភាពតវ៉ាខុសច្បាប់ បង្កចលាចលគ្រប់បែបយ៉ាង
ផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម និងតាមបណ្តាញសារព័ត៌មានផ្សេងៗ ខុសពីការពិត ចោទប្រកាន់ បរិហារកេរិ៍តមកលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយគ្មានភ័ស្តុតាង ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំដែលមានភាពស្អាតស្អំ និងមិនបានប្រព្រឹត្តដូចអ្វីដែលពួកគាត់ចោទប្រកាន់នោះឡើយ។
ប្រជាពលរដ្ឋទាំង៣៥នាក់ ស្មើនឹង២០គ្រួសារ ដែលបានលក់ដីឱ្យក្រុមហ៊ុន សេង សម្បត្តិ រៀល អ៊ីស្តេត បានអះអាងថា ប្រជាពលរដ្ឋទាំង០៤គ្រួសារដែលមានឈ្មោះ ទី១.ឈឹម ណាន ទី២. ឈឹម សុឃឿន ទី៣. ញ៉យ ផល្លី និងទី៤. ប៉ែន ថាន អ្នកទាំង០៤នាក់នេះ មិនដែលមានដីអាស្រ័យក្នុងបរិវេណទំហំដី១២៩,០៧១ម៉ែត្រក្រឡា នៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍរបស់ក្រុមហ៊ុន សេង សម្បត្តិនេះឡើយ ហើយអ្វីដែលអ្នកទាំង០៤នាក់នេះ កំពុងទាមទារ គឺជាការក្លែងបន្លំទាំងស្រុង និងគ្មានការពិតទាល់តែសោះ។

ចំណុចទី៤. ប្រជាពលរដ្ឋចំនួន៣៥នាក់ ស្មើនឹង២០គ្រួសារ ដែលបានលក់ដីឱ្យក្រុមហ៊ុន សេង សម្បត្តិ រៀល អ៊ីស្តេតនិងតំណាងក្រុមហ៊ុន សេង សម្បត្តិ រៀល អ៊ីស្តេត សូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោមៈ
– សូមរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ មេត្តាចេញជូនពួកគាត់នូវវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ លើក្បាលដីរបស់ពួកគាត់ ដែលបានវាស់ជាលក្ខណៈប្រព័ន្ធ និងបិទផ្សាយរួចរាល់ដោយគ្មានបណ្តឹងតវ៉ា។
– សំណូមពរអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការណ៍ផ្លូវច្បាប់ ទៅលើប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលមានឈ្មោះ
ទី១.ឈឹម ណាន ទី២. ឈឹម សុឃឿន ទី៣. ញ៉យ ផល្លី និងទី៤. ប៉ែន ថាន ដែលតែងតែធ្វើសកម្មភាព តវ៉ាខុសច្បាប់ បង្កចលាចលគ្រប់បែបយ៉ាង ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម និងតាមបណ្តាញសារព័ត៌មានផ្សេងៗ ខុសពីការពិត ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង