នូវែលសេឡង់ ត្រៀមរៀបចំ ជួយកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយ
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ជំនួយរបស់នូវែលសេឡង់ តាមរយៈបច្ចេកទេស និងការបណ្តុះបណ្តាល ដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) និងការបោសសំអាតមីននៅកម្ពុជា ក៏ដូចជាការត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយ។
នៅព្រឹកថ្ងៃទី៥ខែសីហានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ មុនការចាប់ផ្តើមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-នូវែលសេឡង់។
ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ខ្ញុំបានឆ្លៀតឱកាសនេះ ដើម្បីអបអរសាទរ ដែលលោកជំទាវត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ នាពេលថ្មីៗនេះ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការបង្កើនទំនាក់ទំនង របស់នូវែលសេឡង់ជាមួយអាស៊ាន ក៏ដូចជាប្រទេសសមាជិកនីមួយៗ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណ ដល់ជំនួយរបស់នូវែលសេឡង់ តាមរយៈបច្ចេកទេស និងការបណ្តុះបណ្តាល ដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) និងការបោសសំអាតមីននៅកម្ពុជា ក៏ដូចជាការត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយ៕