ក្រសួងកសិកម្ម ជំរុញ និងបង្កើនផលិតភាព ផលិតកម្មដំណាំស្តង់ដារសរីរាង្គ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ
ភ្នំពេញ ៖ ដូចដែលបានគ្រោងទុក នារសៀលទី០៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះអនុស្សរណ:នៃការយោគយល់គ្នា រវាក្រុមហ៊ុន Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី ” ការជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាម បណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងលោក Robert K.Chelliah នាយកក្រុមហ៊ុន។
មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចដែលលោក Robert K.Chelliah បានរាយការណ៍ជូនអង្គពិធីបានជ្រាប និងជាពិសេសបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានសហការ និងសម្របសម្រួល ជាមួយក្រុមហ៊ុនធ្វើឲ្យពិធីនេះ សម្រេចទៅដោយរលូន និងជោគជ័យ។
នេះជាសមិទ្ធផលថ្មីមួយទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ ដែលក្រសួងសម្រេចបានក្នុងការជំរុញ និងបង្កើនផលិតភាព ផលិតកម្មដំណាំស្តង់ដារសរីរាង្គ ដែលផលិតផលនេះ មាននិន្នាការកើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ថ្ងៃនេះ ក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia បានចាប់ដៃគូ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គកម្ពុជានៅ ពេលអនាគតដ៏ខ្លីខាងមុខ។
ខ្លឹមសារ MOU នេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា វាប្រាកដជានឹងជួយបំពេញ នូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍ ខ្សែសង្វាក់តម្លៃផលិតកម្មដំណាំ ការកែច្នៃ ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែក អនុវត្តផែនការយុទ្ធសាស្រ្ត របស់ក្រសួង ក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំសរីរាង្គ ឲ្យកាន់តែល្អប្រសើរឡើង។ ក្រៅពីនេះ MOU នេះពិតជាចូលរួមលើកកម្ពស់ ខ្សែសង្វាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ បង្កើនសមត្ថភាពបច្ចេកទេសដល់កសិករ បង្កើនប្រាក់ចំណូល និងស្របតាមអភិក្រម “រដ្ឋ -ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម”។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញយន្តការ អនុវត្តប្រព័ន្ធផលិតកម្មកសិកម្មសរីរាង្គ តាមរយៈការដាក់ចេញនូវប្រកាសពាក់ព័ន្ធ ចំនួន២រួមមាន៖ ១-ប្រកាសស្តីពីវិធាននៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ឆ្នាំ២០១០ និង២- ប្រកាសស្តីពី កសិកម្មសរីរាង្គកម្ពុជាលេខ ១៦៣ ប្រក.កសក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ (CamOrg) ជាយន្តការបចេ្ចកទេស ក្នុងការជំរុញ និងលើកកម្ពស់ផលិតកម្មកសិកម្ម ស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ។ ទទួលបានសេចក្តីប្រកាសនេះ ជាបន្តបន្ទាប់យើងឃើញមាន ដៃគូអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ជាច្រើន បានសហការជាមួយ MAFF ក្នុងការជំរុញអនុវត្តប្រព័ន្ធផលិតកម្មសរីរាង្គ ដូចជា អង្គការ FAO, GIZ, គម្រោង ASPIRE, CASDP, LEAP, AVIP, CAVAC, CHAIN, CHQ (Cambodia Quality Horticulture) Project គាំទ្រដោយប្រទេសញូស៊ឺលែន។ល។
ដើម្បីទទួលបានជោគជ័យ ដូចការរំពឹងទុក ឯកឧត្តមរដ្ឋមន្ត្រី បានជូនមតិទាំងអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុនឲ្យសហការអនុវត្ត MOU នេះបានល្អ និងហុចប្រយោជន៍ដោយត្រង់ជូនកសិករ។
ក្រុមហ៊ុនគួរស្វែងរកដៃគូ ដែលមានសក្តានុពល ផលិតដំណាំបន្ថែមទៀត ក្រៅពីម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅដែលក្រុមហ៊ុនកំពុងផលិត និងពង្រីកផលិតកម្មកែច្នៃជាអាហារបន្ថែម សម្រាប់សុខភាពផងដែរ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន គួរតែស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែម ពីរដ្ឋាភិបាលអូស្រ្តាលី ដើម្បីពង្រីកវិសាលភាព នៃផលិតកម្មរបស់ខ្លួនឲ្យអស់លទ្ធភាព ប្រយោជន៍ដើម្បីជួយជំរុញ និងលើកកម្ពស់ផលិតកម្មដំណាំសរីរាង្គក្នុងស្រុក និងធ្វើការនាំចេញ។ ដោយឡែក ចំពោះជំហានទី២ នៃគម្រោងផ្តល់ឱកាសការងារ ជូនកសិករទៅបម្រើការតាមបណ្តាកសិដ្ឋាននានា ក្នុងប្រទេសអូស្រ្តាលី នាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំ ឲ្យក្រុមហ៊ុនខិតខំឲ្យអស់ ពីលទ្ធភាពក្នុងការពុះពារ នាំយកពលករកម្ពុជា ទៅបម្រើការក្នុងវិស័យកសិកម្ម ក្នុងប្រទេសអូស្រ្តាលីត្រឹមត្រូវ ស្របច្បាប់ ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ល្អ យកមកអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន ករណីនេះក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ គ្រប់បែបយ៉ាងតាមការចាំបាច់៕