ដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ ក្រសួងនឹងដាក់លក់ឧបករណ៍ Rapid Test សេរីថ្មីងាយស្រួលប្រើ ក្នុងតម្លៃដើម២ដុល្លារប៉ុណ្ណោះនៅឆាប់ៗនេះ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក ជា វណ្ណដេត បានបញ្ជាក់ថា នៅឆាប់ៗនេះក្រសួងនឹងដាក់លក់ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ (Rapid Test) ក្នុងតម្លៃដើម ២ដុល្លារតែប៉ុណ្ណោះ ដែលឧបករណ៍នេះ ងាយស្រួលប្រើប្រាស់ និងមានគុណភាពខ្ពស់។
លោករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។
លោក ជា វណ្ណដេត បានអះអាងថា ពេលនេះក្រសួងប្រៃសនីយ៍ បានត្រៀមនាំមកនូវឧបករណ៍តេស្តរហ័សពីប្រទេសចិន ចំនួន២លានគ្រឿង ដើម្បីលក់ជូនប្រជាពលរដ្ឋតម្លៃ ត្រឹម២ដុល្លារ ដើម្បីចូលរួមចំណែកជួយដល់ការស្វែងរកមេរោគកូវីដ១៩ ក៏ដូចជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាន់ពេលវេលា។
លោកបានបញ្ជាក់បន្ថែមថា ឧបករណ៍នេះងាយស្រួលប្រើប្រាស់ជាងមុន ដោយលូកតេស្តចូលរន្ធច្រមុះរាក់ៗ ហើយមានគុណភាពខ្ពស់ដដែល។
សូមបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលាកន្លងទៅក្រសួងប្រៃសណីយ៍ ក៏បាននាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍ផងដែរ៕