ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួន ជនដៃដល់ ក្នុងអំពើប្លន់ និងប៉ុនប៉ងមនុស្សឃាដដោយចេតនា

78

ព្រះសីហនុ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរស្រុកព្រៃនប់ និងកម្លាំងសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនជនដៃដល់ នៃក្រុមចោរប្លន់ ដែលមានគ្នារាប់សិបនាក់ បានចូលប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាដ ដោយរតនា យកមកដាក់ទោសទណ្ឌតាមច្បាប់ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទិនករណីហិង្សានេះ លោកព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ បានប្រាប់ដឹងថា រឿងនេះ កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ កំពុងធ្វើការតាមដានស្រាវជ្រាវមុខសញ្ញាជនល្មើស។ លោក ក៍ស្នើសុំឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ក្នុងការស្វែងរកអត្ដសញ្ញាណជនល្មើស និងជនខិលខូចដែលនៅពីក្រោយខ្នងរឿងនេះ ដើម្បីធ្វើការឃាត់ខ្លួនយកមកដាក់ទោសទណ្ឌតាមច្បាប់ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានតបសារឱ្យដឹងថា “យើងកំពុងធ្វើការងារនេះ! ពួកអនាធប្បតេយ្យមកអុកឡុកអ្នកមកចាប់ដីខុសច្បាប់។ តែខ្ញុំបញ្ជាឲរកចាប់ពួកជនដៃថល់។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅ ប្រាប់ថា មានក្រុមចោប្លន់មួយក្រុមធំ ដែលមានគ្នារាប់សិបនាក់ បានចូលប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាដដោយចេតនា។ ពួកគេ បានសម្រុកចូលវាយដំ គម្រាមបាញ់សម្លាប់ប្រជាពលរដ្ឋរងរបួសច្រើននាក់ ដុតបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ប្រមូលយកទូរស័ព្ទដៃអស់រាប់សិបគ្រឿង ប្រើប្រាស់ដោយអាវុធកាំភ្លើងអាកា ២ដើម ជំពាមកៅស៊ូ (ដែកថ្នងអំពៅកាត់ធ្វើគ្រាប់ជំពាមកៅស៊ូបាញ់) កាំបិត និងកាំភ្លើងស្នប់ (កាំភ្លើងកែច្នៃ) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចម្តុំភ្នំត្រងោល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តំណាងប្រជាពលរដ្ឋរងគ្រោះដោយអំពើប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាដដោយចេតនា បានថ្លែងទាំងអួលដើមកសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្ដិ ផ្ទះសម្បែង និងរស់នៅដោយភ័យខ្លាចចំពោះសកម្មភាពដ៏ឃោឃៅរបស់ក្រុមចោរប្លន់នេះ ពួកគាត់ ស្នើសុំអាជ្ញាធរខេត្ដ សមត្ថកិច្ចពាក់ព័ន្ធ ជួយរកយុត្ដិធម៌ឱ្យពួកគាត់បានរស់នៅសុខស្រួលផង ហើយតាមចាប់ក្រុមជនល្មើសបង្កហិង្សានេះ និងមេក្លោងរបស់ពួកគេ យកមកដាក់ទោសតាមច្បាប់។
ទាក់ទងនឹងបញ្ហាគួរភ្ញាក់ផ្អើលភ័យខ្លាចនេះ លោក មាច ចាន់ មេឃុំបិតត្រាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក បានឱ្យសមត្ថកិច្ចទៅស្រាវជ្រាវហើយ ប៉ុន្តែសួរប្រភពព័ត៌មានអត់ចេញសោះ តែជាទូទៅ គឺរឿងឈ្លោះដណ្ដើមដីគ្នា។
ជាមួយគ្នានេះ លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលឃុំបិតត្រាំង បានថ្លែងប្រាប់ថា ចំពោះរឿងនោះអត់ទាន់ដឹងច្បាស់ដែរបង ហើយក៏មិនទាន់កំណត់មុខសញ្ញាបានដែរ ព្រោះក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះទៅមិនឃើញភាគីណាមួយម្ខាងទៀតនៅកន្លែងកើតហេតុ នៅហ្នឹងគាត់ស្គាល់ទាំងអស់។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ បានចោទប្រកាន់អាជ្ញាធរមូលដ្ឋានខ្លះ មិនសូវអើពើចំពោះបញ្ហាប្រឈម (សុវត្ថិភាពសន្ដិសុខ) របស់ប្រជាពលរដ្ឋទេ ដោយសារបានទទួលប្រាក់ខែ ប្រចាំខែពីលោកឧត្ដមសេនីយ៍ទោ សុខ រ៉ាថន! អញ្ចឹងពេលកើតហេតុខាងកម្លាំងនគរបាលប៉ុស្ដ បានចុះមកដែរតែហាក់បីដូចជាធ្វើបង្គ្រប់កិច្ច សួរនាំបន្ដិបន្ដូចរួចត្រឡប់ទៅវិញ ដែលផ្ទុយពីគោនោបាយរបស់រាជរដ្ឋាភិបាល “ភូមិ-ឃុំមានសុវត្ថិភាព”។ ពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរស់នៅ ហើយស្នើសុំប្រមុខថ្នាក់ដឹកនាំខេត្ដ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយរកយុត្ដិធម៌ឱ្យពួកគាត់ផង៕

អត្ថបទដែលជាប់ទាក់ទង