ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្ស៣២នាក់ ភ្នាល់ល្បែងស៊ីសង នៅខាងក្រោយអគ្គិសនីកម្ពុជា

88

 

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៣២នាក់ ម៉ូតូ ១៤គ្រឿង និងវត្ថុតាងមួយចំនួន នៅខាងក្រោយអគ្គិសនីកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ៣២នាក់ ក្នុងនោះស្រី ០២នាក់, ម៉ូតូ ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ។

បច្ចុប្បន្ន មនុស្សទាំង៣២ខាងលើ ត្រូវបានកម្លាំងយើងកំពុងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ ។

គូសបញ្ជាក់ផងដែរថាៈ រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែមមាញឹកក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺសកលកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការការពារ និងហាមឃាត់អាជីវកម្ម សេវាកម្មមួយចំនួន ដែលមានហានិភ័យខ្ពស់ មិនឲ្យដំណើរការបណ្ដោះអាសន្ន ឬដំណើរការក្នុងបរិបទគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្របពេលនេះក៏មានក្រុមឆ្លៀតឱកាសមួយចំនួន បានលួចលាក់បើកអាជីវកម្មខុសច្បាប់ មិនគោរពតាមការណែនាំវិធានសុខាភិបាល និងមិនគោរពច្បាប់ជាធរមាន ដែលជាកត្តាហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មីដែលតា(Delta) ។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅ ឲ្យបន្ដរាយការណ៍មករដ្ឋបាលខណ្ឌ ឬអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍បទល្មើសនានា ដែលកើតមានក្នុងសហគមន៍ ដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលា សំដៅចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង