ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០៤នាក់ (ស្រី១នាក់) ពលករខ្មែរត្រលប់ពីប្រទេសថៃ ចំនួន១៧នាក់(ស្រី៩នាក់)បុគ្គលិកសុខាភិបាលចំនួន៤នាក់ ស្រី ៣នាក់) មន្ត្រីរាជការចំនួន ៤នាក់ (ស្រី ០នាក់) និងប្រជាជនអ្នកភូមិ នៅក្នុងសហគមន៍ចំនួន៣៦នាក់ (ស្រី២១នាក់) ។
សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្តី ២៤៣នាក់) និង បានប៉ះពាល់ដល់២២រាជធានី-ខេត្តហើយគិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ។
យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតាបាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុង សហគមន៍របស់យើង ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួន ទៀត ។
ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយ ទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួន ឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ “ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩ សំដៅបង្គារ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ ជាពិសេសពពួក ប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។ សូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ៣ការពារ(ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣ កុំ (កុំទៅកន្លែងមានមនុស្សច្រើនកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។ រីឯ បុគ្គលដែលតម្រូវធ្វើ ចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំ របស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ ជាបន្ថែមសូមកុំទៅ កាន់ទីតាំង ៣ “ជ” (កន្លែងមនុស្សជួបជុំច្រើនកន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត រួមមានជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយនិងកាត់បន្ថយការធ្វើដំណើរ
ចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវរចញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនោះដែរក្រសួងសុខាភិបាលសង្គតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុម នេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្តិ។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវលើ៣ការពារ ៣កុំ និងកុំទៅកាន់ទីតាំង៣“ជ”ដើម្បីការពារបុគ្គល ខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្ដាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនជំងឺ ឬឈានទៅដល់ការស្លាប់បើមានការ ឆ្លងនូវវីរុសកូវីដ ១៩នះ៕