ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

35

 

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាពេលកន្លងមកនេះ បានរួមចំណែកក្នុងការទប់ស្កាត់ការ រីករាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មី ដូចជា អាល់ហ្វា និងដែលតា ក្នុងកម្រិតណាមួយក្តី យើងក៏មិនត្រូវ មានអារម្មណ៍ស្កប់ស្កល់ និងអ្វីដែលជាសមិទ្ធផលដែលយើង ទទួលបានយ៉ាងលំបាកនេះទេ យើងត្រូវតែរួបរួមគ្នាជាបន្តទៅ ទៀត ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លង និងបាត់បង់អាយុជីវិតជាបន្ថែមទៀត នៅក្នុងបរិបទនៃការប្រយុទ្ធជំងឺកូវីដ-១៩ នេះ។
អាស្រ័យហេតុនេះ យុទ្ធនាការជាតិថ្ងៃនេះ ដើម្បីជំរុញលើកទឹកចិត្តលោកអ្នកទាំងអស់គ្នា ឱ្យប្រែក្លាយចំណេះដឹងអំពីវិធាន ការបង្ការជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺវិធានការ “៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)” ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ មកនេះ ឱ្យក្លាយ ទៅជាការអនុវត្ដន៍ជាក់ស្ដែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នា អាចបន្តអាជីវកម្ម និង ប្រកបការងារលើគ្រប់វិស័យទាំងអស់ ព្រមទាំងអាចដំណើរការឡើងវិញបានជាបណ្តើរៗ ហើយប្រជាពលរដ្ឋអាចប្រកបរបរ រកស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញប្រកបដោយសុវត្ថិភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបែបរស់នៅ ធម្មតាក្នុងប្រក្រតីភាពថ្មី។

ជាទូទៅ ជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងវាយលុកជាង១៣០ប្រទេស លើសអស់លោក ក្នុងនោះ ក៏មានបណ្តា ប្រទេសជាច្រើនដែលមានលក្ខណៈធូរស្បើយ នាពេលកន្លងមក តែក៏មានការរាតត្បាតទ្រង់ទ្រាយធំឡើងវិញ ដោយសារ តែការធ្វើចរាចរយ៉ាងទូលំទូលាយនៃ វីរុសបំប្លែងថ្មីប្រភេទដែលតា B, 1. 617-2 (Delta) ឆ្លងរាលដាលក្នុងល្បឿនមួយលឿន
ជាងវីរុសកូវីដ-១៩ប្រភេទផ្សេងៗទៀត ហើយក៏ជាប្រភេទវីរុសកូវីដ-១៩ ដែលសកលលោកទាំងមូលទទួលស្គាល់ថាងាយ ឆ្លងបំផុតនាពេលបច្ចុប្បន្ននេះ គួបផ្សំទៅនឹងការខ្វះចន្លោះនៃការអនុវត្តន៍វិធានការមិនប្រើឱសថ (Non-Phamaceutical Intervertions (NPIs)ផងដែរ។

ទោះបីជាប្រទេសកម្ពុជាយើងមានសញ្ញានៃការថយចុះនូវការចម្លង និងការស្លាប់នៅតាម ខេត្តខ្លះក្តី ហានិភ័យនៃការកើនឡើង នៃករណីជំងឺកូវីដ-១៩ ដោយសាតវីរុសកូវីដ-១៩ ប្រភេទដែលតា គឺមានខ្ពស់ណាស់។ នេះមានន័យថា ជំងឺរាតត្បាតកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់ ហើយជាក់ស្ដែង គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុង សហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ត្រី ២៤៣នាក់) និងបានប៉ះពាល់ដល់បណ្តា ២២ រាជធានី-ខេត្តរួចទៅហើយ លើកលែងតែខេត្តចំនួន៣ប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលនៅមិនទាន់មានរបាយការណ៍ពីករណី ដែលតានេះនៅឡើយ។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា ប្រសិនបើមានការធ្វេសប្រហែស វីរុស ដែលតា (Delta) នឹងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត ដែលទាមទារឱ្យមានវិធានការរួមផ្សំគ្នាជាច្រើន និង ទាមទារឱ្យមានការរួបរួមគ្នា ដើម្បីអាចទប់ស្កាត់ការចម្លងនេះបាន។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹង ជំងឺកូវីដ-១៩ សូមអំពាវនាវយ៉ាងឱឡារិក ដល់សាធារណៈជន និងបងប្អូនប្រជាពលររដ្ឋទាំងអស់ ដូចតទៅ៖

ក. សម្រាប់ បុគ្គល គ្រួសារ និង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា៖

សូមចូលរួមបន្តប្រែក្លាយ ចំណេះដឹង អំពីវិធានការណ៍បង្ការ ៣ការពារ និង៣កុំ ឱ្យទៅជាការអនុវត្តន៍ជាក់ស្តែងដា ប្រចាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្ដើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ។
៣ការពារ ៖

១), ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ក្រោម ចង្ការ និងត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម។

២). លាងដៃ ៖ ឱ្យបានញឹកញាប់ជាមួយសាប៊ូក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល២០ វិនាទី។

៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពនេះ

ទោះបីជាបងប្អូន សមាជិកគ្រួសារ និងសាច់ញាតិដែលពួកគាត់មានការស្នាក់នៅគេហដ្ឋាន ផ្សេងពីលោកអ្នក ឬក៏មិត្តភក្តិជិតស្និទ្ធក៏ដោយ។

៣កុំ ៖

១). កុំទៅកន្លែងមានមនុស្សច្រើន ក្នុងន័យនេះរាប់ទាំងការប្រមូលផ្ដុំជួបជុំពិសារអាហារជាលក្ខណៈគ្រួសារ សាច់ញាតិដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីលោកអ្នក ឬ មិត្តភ័ក្រ្តជិតស្និទ្ធជាដើម ។

២). កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន

៣). កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ពេលជួបភ្ញៀវ សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅគេហដ្ឋានផ្សេងពីលោកអ្នក ឬ មិត្តភក្តិជិតស្និទ្ធ ជាដើម។ សូមចូលរួមជំរុញ ក្រើនរំលឹក និងតាមដានដាស់តឿន បុគ្គលខ្លួនឯង សមាជិកគ្រួសា សាច់ញាតិ អ្នកជិតខាង អ្នក ភូមិជាមួយ និងសហគមន៍ជាមួយ ឱ្យអនុវត្តជាប្រចាំថ្ងៃ ឱ្យបានខ្ជាប់ខ្ជួននូវ “៣ការពារ និង៣កុំខាងលើ៕

អត្ថបទដែលជាប់ទាក់ទង