បន្តបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ សង្កាត់បឹងសាឡាង ៧ថ្ងៃទៀត ក្រោយការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច បន្តបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន៧ថ្ងៃទៀតក្រោយការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា(Delta)។
នេះបើយើងតាមសេចក្តីសម្រេចរដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីសម្រេចនេះ មានន័យថា ៖
ប្រការ១ ៖ ត្រូវបានបន្តបិទខ្ទប់មិនឱ្យមានការចេញ–ចូលនូវច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេលបន្ថែម ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាចំការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
ប្រការ២ ៖ ក្នុងអំឡុងពេលនៃការអនុវត្តបន្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ–ចូល និងរាល់ការ ជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចំបាច់ ដូចខាងក្រោម ៖
– ការចេញ–ចូល ដោយមូលហេតុសុខភាពបន្ទាន់
– ការចេញ–ចូល ដើម្បីផ្ដល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ–១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន – ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ចប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច។
– ការចេញ–ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ សុខាភិបាលក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍ – ការចេញ–ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ–បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ – ការចេញ–ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រាល់ការចេញ–ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ អ៊ុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៣ ៖ ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌទូលគោក ដើម្បីបង្កើតក្រុមការងារប្រចាំការនៅទីតាំងដែល ត្រូវបិទខ្ចប់ ក្នុងនោះ ក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាព ជាអាទិ៍៖ – ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
– ការងារផ្គត់ផ្គង់គ្រឿងឧបភោគ–បរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ចប់
– ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ។
ប្រការ៤ បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមប្រការ២ នៃសេចក្តីសម្រេចន៖ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕