ការងារវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទ នៃការរីកចម្រេីននៃនិន្នាការសាកល
ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការងារវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទ នៃការរីកចម្រេីននៃនិន្នាការសាកលនាពេលបច្ចុប្បន្ននេះ ដូច្នេះទៅថ្ងៃខាងមុខ តម្រូវការធនធានមនុស្សលេី វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧបករណ៍មន្ទីរពិសោធន៍ ជាកិច្ចការដែលយេីងត្រូវយកចិត្តទុកដាក់បំផុត។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបែបនេះ ក្នុងឱការអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់-ទទួល អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅអគារ“B” មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីអគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទី១ ឬហៅថាអាគារ”A” កម្ពស់៧ជាន់ មានទំហំ ២០មគុណនឹង៣០ម ត្រូវបានសាងសង់រួច និងប្រារព្វពិធីប្រគល់ទទួលកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅហេីយនោះ អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទី២ឬហៅថាអគារ”B” ក៏បានប្រារព្វពិធីប្រគល់-ទទួល ជាបន្តទៀត ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៌របស់លោកឧកញ៉ា លី ឈួង នាយកក្រុមហ៊ុន លីឈួង សំណង់&អាហរ័ណ នីហរ័ណដែលទទួលបានសិទ្ធិម៉ៅការសាងសង់ បានបញ្ជាក់ថា អគារដែលបានប្រគល់-ទទួលនាថ្ងៃនេះ គឺមានទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ មានកម្ពស់៧ជាន់ដូចនឹងអគារទី១ដែរ ដោយបំពាក់នូវប្រព័ន្ធទឹក-ភ្លេីង ជណ្តេីរយន្ត គ្រឿងសង្ហារឹម ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសម្លេងនិងរូបភាពសម្រាប់សាលប្រជុំ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រេីនទៀត ។ ក្នុងនោះដូចជាប្រព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រាប់សំណល់ ចេញពីមន្ទីរពិសោធន៍ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខាងក្រៅអគារផងដែរ ។
ជារួម លោកឧកញ៉ា លី ឈួង តាមរយៈរបាយការណ៌៍ពីវឌ្ឍនភាពការងារ បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តេីមរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានរៀបចំឲ្យមានការសាងសង់អគារមន្ទីរ ពិសោធន៍នេះឡេីង ក្នុងគោលបំណងអភិវឌ្ឍទីតាំងនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងបញ្ជាក់គុណភាពផលិតផលចំណីអាហារ សម្ភារៈប្រើប្រាស់ និងវត្ថុធាតុដេីមនានា សម្រាប់បម្រេីកិច្ចការឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជា កសិកម្ម និងសំណង់ ។ ល។
មានប្រសាសន៍នាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសេីរ ចំពោះក្រុមហ៊ុនសាងសង់ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការសាងសង់របស់ក្រសួង ដោយអនុវត្តបានត្រឹមត្រូវ តាមកិច្ចសន្យាសាងសង់ និងបទដ្ឋានបច្ចេកទេសជាក់លាក់ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អគារទាំងពីរនេះ ឯកឧត្តមសូមប្រសិទ្ធនាមតាមឈ្មោះប្រាសាទខ្មែរ គឺអគារតាព្រហ្ម និងអគារព្រះខ័ន ដេីម្បីតំណាងឲ្យភាពចេះដឹងនិងភាពរុងរឿងរបស់ខ្មែរ ។ អគារទាំងពីរជិតគ្នានេះ គឺមិនត្រឹមបម្រេីបានទាំងការិយាល័យធ្វេីការ និងសាលប្រជុំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប៉ុណ្ណោះទេ តែគ្រប់ជាន់នៃអគារទាំងពីរនេះ មានមុខងារផ្នែកមន្ទីរពិសោធន៍ផ្សេងៗគ្នា។ ក្នុងនោះមានដូចជា៖ បន្ទប់មន្ទីរពិសោធន៍សម្រាប់សិក្សាស្រាវជ្រាវ-បន្ទប់ពិសោធន៍ សម្រាប់គ្រឿងយន្ត-បន្ទប់ពិសោធន៍សម្រាប់ថ្មនិងខ្សាច់-បន្ទប់ពិសោធន៍សម្ភារៈសំណង់ ដូចជាដី ដែក បេតុង សុីម៉ង់ត៍ និងល្បាយថ្ម-មន្ទីរពិសោធន៍បរិក្ខារម៉ាស៊ីនបូមទឹក-បន្ទប់ពិសោធន៍ផលិតផលឧស្សាហកម្ម-បន្ទប់ពិសោធន៍បំពង់ទុយោទឹកនិងFitting-បន្ទប់ពិសោធន៍កៅស៊ូអាស្វាល់-បន្ទប់ពិសោធន៍គីមីចំណីអាហារ-បន្ទប់ពិសោធន៍បរិក្ខាភ្លេីង និងអេឡិចត្រូនិច-និងឃ្លាំងព្រមទាំង បន្ទប់សុវត្ថភាពផលិតផលជាដេីម ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា៖ “ការងារវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទនៃការរីកចម្រេីននៃនិន្នាការសាកលនាពេលបច្ចុប្បន្ននេះ ។ ដូច្នេះទៅថ្ងៃខាងមុខតម្រូវការធនធានមនុស្សលេី វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧបករណ៍មន្ទីរពិសោធន៍ ជាកិច្ចការដែលយេីងត្រូវយកចិត្តទុកដាក់បំផុត។ ជាមួយគ្នានេះ យេីងក៏ត្រូវការសាងសង់អគារមន្ទីរពិសោធន៍និងឧបករណ៍ពិសោធន៍ក្នុងមុខងារផ្សេងៗទៀតផងដែរ ។ ជាក់ស្តែងដូចជាមន្ទីរពិសោធន៍លេីវិស័យកាត់ដេរ និងមេកានិចជាដេីម “។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំដល់មន្ត្រីទាំងអស់ នៅក្នុងអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បំពេញការងារឈរលេីស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ រួមទាំងការចូលរួមថែរក្សា នូវសោភ័ណភាពសំណង់អគារ ក៏ដូចជាសម្ភារៈនានា ក្នុងអគារទាំងមូល និងសង្ឃឹមយ៉ាងមុតមាំថា៖ តាមរយៈចំណេះជំនាញ និងមានការផ្តល់ទំនុកចិត្ត និងការលេីកទឹកចិត្ត ពីរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌពិសេសមួយ ហេីយនោះ ថ្នាក់ដឹកនាំនិងមន្ត្រីនៃអង្គភាពទាំងពីរ នឹងខិតខំបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់បម្រេីឲ្យវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅកម្ពុជា ឲ្យមានការរីកចម្រេីនជាលំដាប់៕