ក្រុមដឹកអីវ៉ាន់អនឡាញ ៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបើកប្រតិបត្តិការ តាមបង្ក្រាបក្រុមចោរឆក់ដ៏សកម្ម នៅក្នុងទឹកដីរាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេខ្លួន នៅវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើសកម្មភាពដោយជនសង្ស័យ ០៤នាក់ ។
លោកអនុសេនីយ៍ឯក ឈឹម សាវ៉េន នាយប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន ៖១-ឈ្មោះ ហេង សុខលី ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ,២-ឈ្មោះ យ៉េង ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ , ៣-ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា ។
ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ យកកាបូបស្ពាយពី ជនរងគ្រោះ ម្នាក់ឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៣៥៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
សម្ភារៈបាត់បង់រួមមាន៖ លុយដុល្លារ២១០ដុល្លារ , លុយខ្មែរ៦០ម៉ឺនរៀល , ទូរស័ព្ទដៃ១គ្រឿងម៉ាកVIVO និងសម្ភារៈមួយចំនួន ។
វត្ថុតាងដែលសមត្ថកិច្ច បានដកហូតពីក្រុមជនសង្ស័យ រួមមាន៖ម៉ូតូ០២គ្រឿង ១/ម៉ានិច ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1LS-0206 , ២/ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1HZ-4788 ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួនិងឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕