ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ៊ីង ប៊ុនហៀង ចុះពិនិត្យទីតាំងចំការមៀនប៉ៃលិន(ផ្លែតាង៉ែន) ផ្ទាល់ ដើម្បីប្រមូលទិញនូវមៀនប៉ៃលិន ដែលកសិកររងផលប៉ះពាល់

86

 

ខេត្តបាត់ដំបង ៖ លោក ហ៊ីង ប៊ុនហៀង អញ្ជើញចុះពិនិត្យទីតាំងចំការមៀនប៉ៃលិន(ផ្លែតាង៉ែន) ផ្ទាល់ ដើម្បីប្រមូលទិញនូវមៀនប៉ៃលិន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ នៅទីតាំងចំការស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់សម្ដេចតេជោ ដឹកនាំដោយលោក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងចំការមៀនប៉ៃលិនផ្ទាល់ ដែលមានទីតាំងនៅឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីប្រមូលទិញមៀនប៉ៃលិន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងក្រុមករងារប្រមូលទិញនូវកសិផល មៀនប៉ៃលិន នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែល ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស ដែលបណ្ដាលមកពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ។

តំណាងប្រជាកសិករដាំដំណាំមៀនប៉ៃលិន (តាង៉ែន) បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ដែលធ្វើឲ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យសម្រេចបានជោគជ័យ ក្នុងការប្រមូលទិញផ្លែតាង៉ែន តាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាល រដ្ឋបាលខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងារ សម្តេចតេជោ ដោយបានណែនាំដល់រដ្ឋបាលស្រុកទាំង៦របស់ខេត្តបាត់ដំបង ដែលមានដាំដំណាំផ្លែមៀនប៉ៃលិន ឬផ្លែតាង៉ែន គឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ និងស្រុកមួយចំនួនទៀត ក្នុងការជូនដំណឹងដល់កសិករ ក្នុងមូលដ្ឋានរបស់ខ្លួនបានដឹង ។
លោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងដើម្បីជួយរំលែកកុំឲ្យប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះមិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ថា តាមរយៈនៃការចុះទិញផ្លែតាង៉ែន របស់ក្រុមការងារបានកំណត់យកតម្លៃ ព្រមព្រៀងគ្នានៅនឹងចម្ការផ្ទាល់ គឺ១៨០០៛ ក្នុងមួយគីឡូក្រាម ដោយឡែកបើដឹកទៅដល់ទីតាំង នៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង មានតម្លៃ២៥០០៛ ក្នុងមួយគីឡូក្រាម តែក្នុងនោះផ្លែតាង៉ែនទាំងអស់ត្រូវបានកាត់តែងឲ្យបានស្អាតត្រឹមត្រូវ ដូចការវេចខ្ចប់សម្រាប់យកទៅលក់លើទីផ្សារ និងការនាំចេញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង