ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង អំពីការពង្វាងចរាចរ ដោយសារ ការកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន ៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១

31

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងអំពីការពង្វាងចរាចរ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារការកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន ៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងផែនការដោះស្រាយបញ្ហាទឹកជំនន់ជន់ល័ចនៅតំបន់ភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ១ម៉ែត្រ ចំនួន០២គ្រឿង មានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង ១វិនាទី ដែលដំណើរការសាងសង់នេះ ឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន ៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១។

ដើម្បីបញ្ចប់គម្រោង សាងសង់ខាងលើឱ្យបានឆាប់រហ័ស ចាំបាច់ត្រូវធ្វើការពង្វាងចរាចរណ៍ដូចខាងក្រោម៖

១៖ ការធ្វើចរាចរពីទិសផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវលេខ២៧១ ឆ្ពោះទៅទិសដៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។

២៖ ការធ្វើចរាចរពីទិសផ្លូវលេខ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ថានភូមិម័ល ត្រូវពង្វាងចរាចរត្រង់តាម តម្រាយផ្លូវលេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១។

៣៖ ដោយសៅរ៍ផ្លូវពង្វាងបណ្ដោះអាសន្នសងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរឆ្លងកាត់អនុញ្ញាតរថយន្ត ធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី ដល់ម៉ោង ១៧:០០នាទី រយៈពេល ០៣ខែ។ ផុតរយៈពេលនេះការដ្ឋាននឹងបញ្ចប់ការងារ ហើយនឹងបើកឱ្យធ្វើ ចរាចរជាធម្មតាវិញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់នៅតំបន់ការដ្ឋានសាងសង់ខាងលើនឹងចូលរួមសហការអនុវត្តដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ៕

អត្ថបទដែលជាប់ទាក់ទង