ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យការស្ថាបនា ផ្លូវបេតុង ១ខ្សែ នៅសង្កាត់និរោធ

191

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីជំនាញ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក ប្រវែង ៣៩៤ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ និងដាក់លូមុខកាត់ទំហំ១,៥ ម៉ែត្រ បណ្តោយ ៣៩៤ ម៉ែត្រ ស្ថិតក្នងភូមិតាងៅ សង្កាត់និរោធ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា ផ្លូវបេតុងនេះ ជាគម្រោងរបស់សាលារាជធានី និងជាការរួមចំណែកជាមួយអភិបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានសោភ័ណភាព ងាយស្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ។

លោក ចេង មុនីរ៉ា បានអះអាងថា រដ្ឋបាលខណ្ឌច្បារអំពៅ តែងតែគិតគូរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋជានិច្ច ហើយនៅសង្កាត់និរោធនេះ មិនមែនមានតែផ្លូវ១ខ្សែនេះទេ គឺយើងបាននិងកំពុងជួសជុលផ្លូវជាច្រើនខ្សែទៀត ហើយយើងបានទទួលសមិទ្ធិផលជាច្រើន ។ យើងគិតថា ការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងធ្វើទៅតាមថវិកាមូលនិធិរបស់សង្កាត់ និងថវិកាខណ្ឌ ព្រមទាំងការផ្តល់នូវសមិទ្ធិផលដែលជាថវិការបស់សាលារាជធានីភ្នំពេញ ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមសង្កាត់ទាំង៨ផងដែរ ។

ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ មេត្តាយោគយល់អធ្យាស្រ័យ ដែលប៉ះពាល់ ដោយសារការអនុវត្តគម្រោងនេះ និងចូលរួមជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើការអនុវត្តការងាររបស់ក្រុមហ៊ុន ។ លោកអភិបាលខណ្ឌ បានបន្ថែមថា យើងធ្វើជាប្រចាំ ធ្វើដើម្បីប្រជាពលរដ្ឋរបស់យើង និងចុងក្រោយលោក សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នាំគ្នាជួយថែរក្សានូវសមិទ្ធិផលនេះ ដែលយើងទទួលបានផង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានស្នើអោយប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លុបបំបាត់មិនអោយមានការចែកចាយប្រើប្រាស់ថ្នាំញៀន និងចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ ទាំងអស់គ្នា ។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ គឺជាការងាររួម ៕

អត្ថបទដែលជាប់ទាក់ទង