ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វគោ ក្របី ត្រូវយកសត្វ មកចាក់ថ្នាំការពារឲ្យបានទាន់ពេល

25

 

ត្បូងឃ្មុំ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី៤ កញ្ញា ២០២១នេះថា ឯកឧត្តម រួមជាមួយសហការី បានបន្ត ដំណើរមកភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមក្នុងកម្មវិធី ចាក់ថ្នាំការពារជំងឺដំពកស្បែកគោ ក្របី។

ឯកឧត្តមបានណែនាំដល់លោកប្រធានមន្ទីរ លោកប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវយកចិត្តទុកដាក់ចាត់ចែង កម្មវិធីចាក់ថ្នាំការពារជំងឺនេះដល់គោ ក្របីប្រជាពលរដ្ឋឲ្យបានទូលំទូលាយ គ្រប់ៗគ្រួសារដែលជាម្ចាស់សត្វ ដើម្បីធានា និងលើកកម្ពស់ការការពារជំងឺឆ្លងក៏កាចសាហាវនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសត្វ អាយុសត្វ និងសេដ្ឋកិច្ចគ្រួសារកសិករយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើទៅមន្រ្តីពេទ្យសត្វ ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយអំពីបញ្ហាជំងឺ វិធានការការពារ និងព្យាបាលសត្វ និងជាពិសេសត្រូវជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យកសត្វមកចាក់ថ្នាំការពារឲ្យបានទាន់ពេលវេលា និងចូលរួមសហការជាមួយការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វដើម្បីរាយការណ៍ អំពីការវិវឌ្ឍន៍ របស់ជំងឺ ស្ថានភាពជំងឺ និងការរីករាលដាលជំងឺ មកមន្រ្តីជំនាញឲ្យបានទាន់ពេល។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វ នៅទូទាំងប្រទេស ត្រូវយកសត្វមកចាក់ថ្នាំការពារ ឲ្យបានទាន់ពេល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុត នូវវិធានការអនាម័យ និងវិធានការជីវសុវត្ថិភាព តាមការណែនាំរបស់មន្រ្តីជំនាញ និងហាមលែងសត្វទាំងសត្វជា និងសត្វឈឺឲ្យដើរស៊ីពាសវាលពាសកាល ត្រូវចិញ្ចឹមក្នុងទ្រុង ឬក្រោល ហើយត្រូវតាមដានសុខភាពសត្វ ឲ្យបានជាប់ជាប្រចាំ ហើយជាងនេះទៅទៀត ម្ចាស់សត្វមិនគួរប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយមិនបានពិគ្រោះ ឬសុំយោបល់ពីមន្រ្តីជំនាញឡើយ។

លោក សេង សោភា ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ននៅទូទាំងខេត្តត្បូងឃ្មុំ មានគោឈឺជំងឺនេះចំនួន ៦៥៤១ ក្បាល ព្យាបាលជាសះស្បើយ ៥៤១៧ ក្បាល និងងាប់ ៦០ក្បាល (ភាគច្រើនកូនគោកំពុងបៅដោះ)៕

អត្ថបទដែលជាប់ទាក់ទង