ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមជាផ្លូវការ នូវកាចរចាប្រាក់ឈ្នួលអប្បបរមា របស់កម្មកររោងចក្រ

79


ភ្នំពេញ៖ គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំអាណត្តិទី៨ លើកទី១៨ ដើម្បីចាប់ផ្តើមជាផ្លូវការ នូវកាចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨ កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ​។

តាមរយៈការពិភាក្សារប​ស់សមាជិកគណៈកម្មការប្រឹក្សាការងារ​ ដែលមានសមាសភាពមក ពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ។ កិច្ចប្រជុំបានសម្រេចលទ្ធផល គឺបន្តប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមត្ថភាពចំនួន១៦រូប មកពីភាគីនីមួយៗ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា។ ក្រុមការងារនេះនឹងចាប់ផ្តើមប្រជុំពិភាក្សា ចាប់ពីថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ។ បន្តប្រើប្រាស់លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ព្រមទាំងលើកជាអនុសាសន៍ដល់គណៈកម្មការប្រឹក្សាការងារ ដើម្បីពិនិត្យសម្រេច។

សូមបញ្ជាក់ថា គណៈកម្មការ​ប្រឹក្សា​ការងារ​ (Labor Advisory Commission)​ ដែល​មាន​ភាគី​និយោជក​ សហជីព​ និង​រដ្ឋាភិបាល​ បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ កំណត់​យក​ប្រាក់​ឈ្នួល​ អប្បបរមា​ចំនួន​១៦៥​ដុល្លារ​ ហើយ​ដោយ​មាន​ការ​បន្ថែម​ពី​ភាគី​រដ្ឋាភិបាល ​ចំនួន​៥​ដុល្លារ​ ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ឆ្នាំ​២០១៨​ បាន​កើន​ដល់​ចំនួន ​១៧០​ដុល្លារ​ ក្នុង​មួយ​ខែ។​
ក្រោយ​ការ​បោះឆ្នោត​សម្រេច​ជាឯកច្ឆន្ទ ​យក​ប្រាក់​ឈ្នួល​អប្បបរមា​ ចំនួន​១៧០​ដុល្លារ​នោះ លោក​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​ជីវៈ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បាន​សម្រេច​ឧបត្ថម្ភ​ចំនួន​៥​ដុល្លារ​ទៅលើ​ការ​សម្រេច​ របស់​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ដែល​បាន​កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦៥​ដុល្លារ។​ លោក​ មាន​ប្រសាសន៍​ថា​ ជាមួយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ​ ស្ថាន​ភាព​រស់​នៅ​របស់​កម្មករ​ក្នុង​ឧស្សាហ​កម្មកាត់​ដេរ​នឹង​មាន​ភាព​ប្រសើរជាង​មុន។​ សម្តេចតេជោ​ នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ផ្តល់​បន្ថែម​៥ដុល្លារ។ ​អីចឹង​ទេ​ ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​បងប្អូន​កម្មករ ​និយោជិត​ ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ​ឆ្នាំ​២០១៨​ គឺ​១៧០​ដុល្លារ​។ ​នេះ​គឺ​ប្រាក់​ឈ្នួល​អប្បបរមា។​

កម្មករ​ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភបន្ថែម​ទៀត​ ដែល​រួម​មាន​ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​១០​ដុល្លារ​ ប្រាក់​ឧបត្ថម្ភ​ស្នាក់​នៅ​ និង​ធ្វើ​ដំណើរ​ ចំនួន​៧​ដុល្លារ​ និង​ក្នុង​មួយ​ឆ្នាំ​កម្មករ ​ដែល​មាន​អតីតភាព​ការងារ​ចាប់​ពី​ពីរ​ឆ្នាំ​ឡើង​ទៅ​ នឹង​ទទួល​បាន​ប្រាក់ចំនួន​២​ដុល្លារ​ទៀត​ ហើយ​ប្រាក់​អតីត​ភាព​ការងារ​នេះ​ក៏​នឹង​បន្ត​កើន​ឡើង​ទៅ​ឆ្នាំ​បន្ត​បន្ទាប់ បូករួមទាំងអស់ ប្រាក់ខែកម្មករក្នុងមួយខែ ប្រមាណ២០០ដុល្លារ។​ ​

ចាប់ពី​ឆ្នាំ​២០១៣ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ​ ហើយ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ ​ជាបន្តបន្ទាប់​។ ​
ក្រោយ​ពី​ការ​ចរចា​នៅ​ឆ្នាំ​២០១៤ ​និង​២០១៥ ​ប្រាក់​ឈ្នួល​អប្បបរមារបស់​កម្មករ ​ត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ ​៕​

អត្ថបទដែលជាប់ទាក់ទង