ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ភាគច្រើន ជាអ្នកមិនទទួលបានការចាក់វ៉ាក់សាំងការពារ

48

ភ្នំពេញ៖លោក ម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនាព្រឹកថ្ងៃទី២៨ខែ តុលា ឆ្នាំ ២០២១នេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ ត្រូវផ្សព្វផ្សាយនិងអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងខណ្ឌ ត្រូវទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកទី១ លើកទី២និងដូសជម្រុញឲ្យបានគ្រប់គ្នា ព្រោះរយះពេលកន្លងមកនេះ នៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនគាត់មានបញ្ហាសុខភាពមានផ្ទៃពោះគាត់មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅឡើយ    

   តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ក្រោយពីការចាក់វ៉ាក់សាំងដុះទី១ ដូសទី២និងដូសជម្រុញរួចមក យើងសង្កេតឃើញថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩មានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងនោះអ្នកដែលបានស្លាប់ក៏មានការថយចុះផងដែរ ហើយភាគច្រើនអ្នកដែលបានទទួលមរណភាពជាអ្នកមិនបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩។

   លោកម៉ែន សេរី បានបន្តទៀតថា នៅខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលមានគោលនយោបាយបើកទូលាយ បើកទាំងស្ថាប័នការងារ បើកទេសចរណ៍ បើកសាលារៀនឡើងវិញ អាស្រ័យហេតុនេះអាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់ត្រូវយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយបន្តទៀតនៅវិធានការ ការការពារការរីករាលដាលនៃជំងឺកូវីត១៩ គឺ៣កុំ៣ការពារឲ្យបានជាប់ជាប្រចាំនៅតាមទីផ្សារ ហើយជាពិសេសទៅទៀតនោះគឺនៅពេលសិស្សានុសិស្សបើកសាលារៀនឡើងវិញ ត្រូវរៀបចំឱ្យមាន ប្រដាប់វាស់កំដៅ ជែល អាកុលលាងដៃ និងពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ

  គួរបញ្ជាក់ដែរថា កិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សាខណ្ឌទួលគោក បានពិនិត្យនិងអនុម័តសម្រេច ទៅលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ២៨ របស់ក្រុមប្រឹក្សាខណ្ឌ ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខណ្ឌ ពិនិត្យនិងអនុម័តការរៀបចំសេចក្តីសម្រេច ស្ដីពីការតែងតាំងគណកម្មធិការ រៀបចំដែនដី នគររមណីកម្មនិងសំណង់ និងពិនិត្យលទ្ធផលការងារការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក មន្ត្រីពាក់ព័ន្ធ ហើយពិសេសទៅទៀតនោះ ក៏មានការចូលរួមតាមដានស្ដាប់របស់ក្រុមប្រឹក្សាសង្កាត់តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ផងដែរ

 

អត្ថបទដែលជាប់ទាក់ទង