ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ស្នើរុស្ស៉ី បន្តផ្តល់ជំនួយប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដែលមានការចាត់តាំងជាប្រព័ន្ធ

55

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដាក់សំណើទៅកាន់លោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ឱ្យបន្តផ្តល់ជំនួយ រួមទាំងផ្នែកសម្ភារៈចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដែលមានការចាត់តាំងជាប្រព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ការប្តេជ្ញាចិត្តរបស់រុស្ស៉ី លើផ្នែកប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាសន្តិសុខបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មាន។

សំណើ និងការលើកឡើងខាងលើនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួមនោះឡើយ។

ក្រៅតែពីបញ្ហាលើកឡើងខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ចំពោះខួបលើកទី៦៥ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្ស៉ី។

សម្តេចតេជោ ក៏បានស្នើរុស្ស៉ីជួយជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រុស្ស៉ី ដែលបានគាំទ្រដល់ការកសាងសមត្ថភាពមនុស្សរបស់កម្ពុជា និងស្នើផ្តល់ឱកាសបន្ថែមសម្រាប់មន្ត្រីជំនាញបន្តការសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាល ជាពិសេសផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

ក្នុងនាមជាប្រទេសដៃគូសន្ទនារបស់អង្គការសហប្រតិបត្តិការសៀងហៃ សម្តេចតេជោ បានផ្ដោតសារសំខាន់ដល់ការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហប្រតិបត្តិការសៀងហៃ និងគាំទ្រសំណើរុស្ស៉ី ក្នុងការលើកកម្ពស់ទំនាក់ទំនងនេះ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ បានបង្ហាញបំណងសិក្សាពីលទ្ធភាពអញ្ជើញប្រធានអង្គការសហប្រតិបត្តិការសៀងហៃ ជាភ្ញៀវកិត្តិយសរបស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៉ីផងដែរ។

សម្តេចតេជោ បានលើកឡើងថា ស្របពេលដែលពិភពលោក បានឈានចូលក្នុងយុគសម័យថ្មីនៃបច្ចេកវិទ្យា, ការកសាងភាពជាដៃគូដ៏ជិតស្និទ្ធ និងរឹងមាំ ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យនេះ គឺពិតជាមានសារសំខាន់។ ក្នុងនាមជាសមាជិកអាស៊ាន សម្តេចតេជោ សម្តែងនូវការពេញចិត្តចំពោះការរៀបចំកិច្ចសន្ទនាបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មានអាស៊ាន-រុស្ស៉ីលើកទី១។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៉ី ក្នុងការផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដល់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន និង លើកទឹកចិត្តឱ្យរុស្ស៉ី បណ្តុះបណ្តាលបន្ថែមទៀត។ សម្តេចតេជោរំពឹងថា នឹងទទួលការគាំទ្រពីរុស្ស៉ីចំពោះចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងពិចារណាលទ្ធភាពសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងទៀតរបស់អា ស៊ាន ។

នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិញ សម្តេចតេជោ បានលើកឡើងថា អាស៊ាន និង រុស្ស៉ី ត្រូវអនុវត្តឱ្យបានពេញលេញនូវ ផែនទីបង្ហាញផ្លូវដែលត្រូវបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-រុស្ស៉ី និងកម្មវិធីការងារពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-រុស្ស៉ីឆ្នាំ២០២១-២០២៥ ជាពិសេសការវិនិយោគ នៅក្នុងវិស័យម្ហូបអាហារ, កសិកម្ម, ការដឹកជញ្ជូន, ថាមពល និងទេសចរណ៍។

ស្របជាមួយនឹងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបច្ចេកវិទ្យានឹងដើរតួនាទីសំខាន់ សម្តេចតេជោ បានស្វាគមន៍គំនិតផ្ដួចផ្តើមរបស់រុស្ស៉ី ក្នុងការកំណត់យកឆ្នាំ២០២២ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-រុស្ស៉ី។

ក្នុងនាមសមាជិកអាស៊ាន សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រុស្ស៉ី ជាមួយគម្រោងទីក្រុងស្អាតអាស៊ាន និងសូមស្វាគមន៍សំណើគម្រោងស្តីពីនវានុវត្តន៍ទីក្រុងស្អាត និងចីរភាព របស់អាស៊ាន-រុស្ស៉ី។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានបង្ហាញនូវក្តីសោមនស្ស ដែលអាស៊ាន-រុស្ស៉ី បានឯកភាពលើកតម្កើងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ដល់កម្រិតថ្នាក់រដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌វិញ សម្តេចតេជោ អរគុណរុស្ស៉ី ដែលបានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អ្នកជំនាញផ្នែកសុខភាព មកពីបណ្តាប្រទេសសមាជិកអាស៊ានក្នុងឆ្នាំ ២០១៩-២០២១ និងលើកទឹកចិត្តឱ្យរុស្ស៉ី ជួយគាំទ្រលើវិស័យនេះបន្តទៀត ជាមួយនឹងការជួយគាំទ្រនៅក្នុងការកសាង ធនធានមនុស្សទូទៅនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង