ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលនានា ក្នុងវត្តនាគវ័នដែលសម្តេចតេជោហ៊ុន សែន ធ្នាប់ស្នាក់នៅដើម្បីរៀនសូត្រ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ ដោយលោកឃួង ស្រេង

92
ភ្នំពេញ៖ សមិទ្ធផលនានា ក្នុងវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលជាវត្តសម្តេចតេជោហ៊ុន សែន ធ្នាប់ស្នាក់នៅដើម្បីរៀនសូត្រ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី០៤ កញ្ញានេះ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស្រីតំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
   លោក ឯក ឃុន ដឿន អភិបាលនៃគណៈ អភិបាលខណ្ឌទួលគោកបានមានប្រសាសន៍លើកឡើងថា សមិទ្ធផលនានា ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ រួមមាន មហាកុដិព្រះចៅអធិការ និង សមិទ្ធផលនានា ក្នុងវត្តនាគវ័ន  ។
   លោក ឯក ឃុន ដឿន បានឲ្យដឹងទៀតថា  ព្រះគុណ ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈព្រះអនុគណៈខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន ព្រះអង្គ មានស្នាមព្រហស ក្នុងការដឹកនាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តនាគវ័ននេះ ដោយបានធ្វើអោយអាជ្ញាធរដែនដី គណកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តនាគវ័ន និងប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្ត្រីរាជការ មានជំនឿទុកចិត្ត ។ លោកបន្តទៀតថា វត្តនាគវ័ន ពីដើមឡើយជាព្រៃដែលមានដើមឈើធំៗ ហើយត្រូវបានឈ្មោះក្អាត់ដែលជាអ្នកធ្វើការងារនៅក្នុងវាំងផ្តើមគំនិតបង្កើតអោយមានវត្តនេះឡើង ដោយមកដល់ពេលនេះ វត្តនាគវ័ន មានអាយុកាលប្រមាណ១២០ឆ្នាំមកហើយ ហើយវត្តនេះក៏ជាវត្តដែលសម្តេចតេជោហ៊ុន សែន ធ្នាប់ស្នាក់នៅដើម្បីរៀនសូត្រផងដែរ ពោលគឺសម្តេចបានស្នាក់នៅក្នុងចន្លោះឆ្នាំ១៩៦៧ ដល់១៩៦៩ ។
   លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលក្នុងរបបនោះគ្មានទេសាសនា ហើយវត្តអារាមត្រូវបានពួកវាវាយចោលឬយកធ្វើជាឃ្លាំងដាក់ជីអាចម៌គោជាដើម ។ចំណែកប្រទេសជាតិវិញបានធ្លាក់ដល់ចំណុចសូន្យ ពោលគឺបើមិនមានថ្ងៃ៧មករាទេ និងបើមិនមានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។ ទន្ទឹមនិងនេះលោកឃួង ស្រេងក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋ ពិសេស លោកយាយ លោកតា ត្រូវតែនិយាយពីប្រវត្តិនៃរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រាប់ទៅកូន ចៅ ដើម្បីអោយដឹងពីប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ ហើយយើងរួមគ្នាកុំអោយរបបនេះមាននៅប្រទេសកម្ពុជាម្តងទៀត។
   គួរបញ្ជាក់ថា នៅមុនពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តនាគវ័ន
ខាងលើនេះកាលពី ព្រឹកថ្ងៃ៨រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្ត ព .ស. ២៥៦២ ត្រូវនឹងថ្ងៃច័ន្ទទី០៣ខែកញ្ញាឆ្នាំ២០១៨ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុន ដឿន ជាអភិបាលនៃគណៈ អភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ  អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០  ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន ក៏បានរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បី សុំសេចក្តីសុខ សេចក្តីចំរើននៃពិធីសម្ពោធនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង