ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការហើយ!

277

 

ភ្នំពេញ៖ ក្រុមប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៤ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang: ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់!។

ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុកមេក្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើយ។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោង និងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:
ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ ។
កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក:
ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។
ទី២គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។
ក្រោមវិធានការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង។

វេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។

កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។ បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។

ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។

ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថាប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល៕

 

អត្ថបទដែលជាប់ទាក់ទង