ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបទូតកាណាដា បង្កើនកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

33

 

ភ្នំពេញ ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិវឌ្ឍន៍គម្រោង ជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ ផ្នែកបច្ចេកទេសដល់កម្ពុជា។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អ និងការគាំទ្ររបស់រដ្ឋាភិបាល កាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយ វ៉ាក់សាំងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរហូតទៅដល់ ៨៩,៨២% នៃប្រជាជនសរុប ១៦ លាននាក់។

លោករដ្ឋមន្រ្តីបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជាបាននាំចេញទៅ ប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២១។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានស្នើ លោកជំទាវឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពក្នុងការសិក្សា ទៅលើលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគ នៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។ លើសពីនេះ កម្ពុជាបានធ្វើកំណែទម្រង់ និងក៏សាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួលដល់ បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។

លោករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាតែងតែគាំទ្រវិនិយោគិនកាណាដា ដែលកំពុងវិនិយោគនៅកម្ពុជា ជាក់ស្ដែង ធនាគារ ABA បានស្ថិតក្នុងលំដាប់ទី៣ នៃធរនាគារនាំមុខគេនៅកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រង Manulife វិញ ក៏បានទទួលអាជ្ញាប័ណ្ណ និងចែករំលែកចំណេះ ជំនាញរបស់ខ្លួនដល់កម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីលើកឡើងទៀតថា ជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ជាការអនុវត្តដ៏ល្អបំផុតនៃ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកាណាដា លើការជួយដល់ការធ្វើកំណែទម្រង់ គោលនយោបាយទាក់ទង នឹងការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ព្រមទាំងគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ លោកបានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជា ដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាងប្រទេសអាស៊ានមួយចំនួន។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងល្អ របស់កម្ពុជាជាមួយកាណាដា និងកម្ពុជាជាមួយអាស៊ាន ព្រមទាំងបានឆ្លើយតបថា នេះជាឆ្នាំពិសេសមួយ ដែលកម្ពុជាធ្វើជាប្រធានាស៊ាន ត្រូវនឹងខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-កាណាដា។ ទន្ទឹមនឹងនេះលោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនតាមផែនការណ៍ និងបានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដឹកនាំអាស៊ានក្នុងឆ្នាំនេះ ទោះបីស្ថិតក្នុងពេលវេលា ដ៏លំបាកនៃវិបត្តកូវីដ-១៩ យ៉ាងណាក្ដី។

លោកស្រីឯកអគ្គរដ្ឋទូតបន្តថា កាណាដានឹងជំរុញការចរចារ ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើ ការសិក្សាទៅលើលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នា ជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើន ពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ភាគីកាណាដាគាំទ្រជានិច្ច ចំពោះការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា។

ម្យ៉ាងទៀត លោកស្រី សន្យាថានឹងយកសំណើខាងលើ ទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួន ឱ្យធ្វើការជាមួយកម្ពុជា ឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបាន គម្រោងជាក់លាក់ ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកាលើក សំណើជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា។

លោករដ្ឋមន្រ្តីបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញបរិយាកាសធុរកិច្ច នៅកម្ពុជាឱ្យកាន់តែល្អប្រសើឡើង ជាពិសេសការជួយ​ សម្របសម្រួល ដល់ធុរជនរបស់ប្រទេសកាណាដា ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង