ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធគុនល្បុក្កតោ ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល-ចៅក្រមគ្រូបង្វឹក

275

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាដែល បានរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។
វគ្គនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមឲ្យកាន់តែរឹងមាំបន្ថែមនៃដំណើរការអភិរក្សនិងអភិវឌ្ឍក្បាច់
គុនព្រលឹងវប្បធម៌ជាតិខ្មែរមួយនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោលោកអ៊ូ តារាកម្ពុជា លើកឡើងថាវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការពង្រីក
សក្តានុពលវិស័យកីឡាគុនល្បុក្កតោ ទៅលើឆាកអន្តរជាតិហើយអាជ្ញាកណ្តាល ចៅក្រមនិងគ្រូបង្វឹកត្រូវបានចាត់ទុកថា ជាតួអង្គដ៏សំខាន់ក្នុងការជួយ ជំរុញឲ្យប្រភេទកីឡាមួយនេះរីកចម្រើន ទាំងការអនុវត្តនូវបទបញ្ជានៃការប្រកួត ការកាត់សេចក្តីការប្រកួតដោយសុច្ចរឹត ទាំងការដឹកនាំការប្រកួតនិង ការបង្វឹកធនធានកីឡាករកីឡាការិនីផងដែរ។

ដោយសារការអភិវឌ្ឍគុនល្បុក្កតោសហព័ន្ធបាន រៀបចំចងក្រងបទបញ្ជាការប្រកួត ក្នុងនោះការកាត់សេចក្តិការប្រកួត ការដាក់ពិន្ទុកាន់តែគោរព បានតាមបទបញ្ជាការប្រកួត និងវិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម ចំនួន២៨នាក់និងគ្រូឧទ្ទេស៦នាក់ ដោយផ្តោតសំខាន់ទៅលើរបៀប នៃការដាក់ពិន្ទុលើវិញ្ញាសាសម្តែង និងប្រយុទ្ធ លំហាត់នៃការអនុវត្តរបស់តួនាទី ភារកិច្ចរបស់អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹកគុនល្បុក្កតោ និងយុទ្ធសាស្រ្ត វេជ្ជសាស្ត្រកីឡាជាដើម។ទាំងអស់នេះគឺជាបណ្ដុំធាតុផ្សំសំខាន់ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួនដើម្បី ឲ្យប្រាកដសម្រាប់ដំណើរការប្រកួតគុន ល្បុក្កតោជើងឯកថ្នាក់ជាតិនិង ការប្រកួតខ្នាតអន្តរជាតិកម្រិត តំបន់អាស៊ីអាគ្នេយ៍នាពេលខាងមុខ ជាពិសេសក្នុងពេលដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកព្រឹទ្ធាចារ្យស៊ាន គឹមស៊ានប្រធានបណ្ឌិតសភាកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា ដើម្បីជំរុញឲ្យក្បាច់គុនព្រលឹងវប្ប
ធម៌ខ្មែរមួយនេះកាន់តែរីកចម្រើន សូមឲ្យលោកគ្រូអ្នកគ្រូនិងកូនខ្មែរទាំងអស់ បន្តការថែរក្សាមរតកក្បាច់គុននេះប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។លោកបានស្នើឲ្យកូនចៅជំនាក់ក្រោយ ចូលរួមថែរក្សាគាំទ្រដើម្បីអភិរក្ស និងអភិវឌ្ឍក្នុងការថែទាំ វប្បធម៌បេតិកភណ្ឌក្បាច់គុនល្បុក្កតោ ឲ្យរស់នៅជាអមតៈ។
ជាមួយគ្នានោះលោកព្រឹទ្ធាចារ្យបានលើកបង្ហាញពីការស្នើសុំដាក់បញ្ជូលក្បាច់គុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ គឺយើងទទួលបានលិខិតពីយូណេស្កូថា យើងនៅមានចន្លោះប្រហោងក្នុងការបំពេញឯកសារនេះ។
ការស្នើសុំដាក់បញ្ជូល ក្បាច់គុនល្បុក្កតោទៅក្នុងបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិនេះ យើងមិនធ្លាក់ទេប៉ុន្តែយើងកំពុងខិតខំតស៊ូ ក្នុងការបំពេញភាពចន្លោះប្រហោងនេះ ដូច្នេះវាទាមទារឲ្យយើងរួមគ្នា ដើម្បីបំពេញកង្វះខាតនេះ ដើម្បីស្នើសុំចុះបញ្ជីជាថ្មី នាថ្ងៃអនាគត។
លោកប៉ែនវុទ្ធីអនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួង អប់រំយុវជននិងកីឡាបាន បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមគ្រូបង្វឹកថ្នាក់ជាតិដើម្បី បន្តការអភិវឌ្ឍកីឡាព្រលឹង វប្បធម៌ខ្មែរមួយនេះឲ្យកាន់តែល្បីល្បាញបន្ថែមទៀត ជាពិសេសគោលដៅពង្រីក ទៅលើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាកំពុង សម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង