ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គមន្ត្រីបច្ចេកទេស ទូកក្តោង១៨រូប ទទួលនិទ្ទេសល្អ

71

ភ្នំពេញ៖វគ្គមន្ត្រីបច្ចេកទេសកីឡាទូកក្តោងដែលបើកឡើងនៅខេត្តព្រះសីហនុនោះបានបញ្ចប់ជាស្ថាពរហើយដែលវគ្គនេះធ្វើឡើងដោយចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។
វគ្គនេះដំណើរការឡើងរយៈពេល៤ថ្ងៃដែលជាលទ្ធ ក្នុងចំណោមសិក្ខាកាមទាំង២៥រូប ទទួលនិទេ្ទសល្អ ១៨នាក់ ស្មើនឹង ៧២ភាគរយ និទ្ទេសល្អបង្គួរ ៥នាក់ ស្មើនឹង ២០ភាគរយ និងនិទេ្ទសមធ្យម ២នាក់ ស្មើនឹង ៥ភាគរយ ។

ដោយមានគ្រូឧទ្ទេសជាអ្នកជំនាញកម្រិតអន្តរជាតិ តាមរយៈវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួត កីឡាទូកក្តោង ប្រចាំឆ្នាំ២០២១ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ពិធីបិទវគ្គនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានលោកនងឌីណារ៉ា តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងលោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា គូសបញ្ជាក់ថា បន្ទាប់ពីបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍នៅខេត្តព្រះសីហនុកាលពីខែធ្នូឆ្នាំ២០២១កន្លងមកមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាទទួលបានបទពិសោធន៍ល្អៗជាច្រើនរួមទាំងចំណុចខ្វះខាតមួយចំនួនផងដែរដោយតម្រូវឲ្យមន្ត្រីបច្ចេកទេសកីឡាទូកក្តោងកម្ពុជា ត្រូវសិក្សាស្វែងយល់បន្ថែមទៀត ក្រោមការជួយជ្រោមជ្រែងពីសំណាក់ មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលមកពីប្រទេសសិង្ហបុរី។

ការបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋានគឺដើម្បីលើកកម្ពស់ប្រភេទកីឡាទូកក្តោងរបស់កម្ពុជា ធ្វើអោយមន្រ្តីបច្ចេកទេសមានចំណេះជំនាញកម្រិតខ្ពស់សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣និងដើម្បីបង្ហាញដល់
មហាជនឲ្យបានស្វែងយល់អំពីប្រភេទកីឡាទូកក្តោងទៀតផង។
មន្រ្តីបច្ចេកទេសរៀបចំការប្រកួតគឺជាក្រុមការងារដ៏សំខាន់មួយដែលអាចធ្វើការប្រកួតមួយទទួលបានជោគជ័យហើយបើមន្រ្តី
បច្ចេកទេសរៀបចំការប្រកួតមាន ចំណេះជំនាញកម្រិតខ្ពស់ស្របតាម ស្តង់ដារបស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិនោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនឹងសុទ្ធសឹងតែទទួលបានជោគជ័យនិងគុណភាពនៃការប្រកួតក្នុងកម្រិតខ្ពស់ដូចគ្នាបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង