ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អះអាងថា លទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឱ្យបង្កើតយន្តការដាក់ដេញថ្លៃនោះទេ

138

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានទទូចមិនឱ្យមានការរៀបចំនីតិវិធីដេញថ្លៃផ្គត់ផ្គង់ជ្រូករស់នោះឡើយ។ ការទទូចលើកយកយន្តការដេញថ្លៃ ជ្រូករស់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តែអ្វីដែលសំខាន់ នោះគឺ លទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឱ្យបង្កើតយន្តការដាក់ដេញថ្លៃនោះទេ បែរជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តជំរុញរៀបចំសៀវភៅបន្ទុក ស្ដីពីការដេញថ្លៃនាំចូលសត្វជ្រូករស់មកផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅច្រកព្រំដែនជាមួយប្រទេសថៃ ឬប្រទេសវៀតណាម។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលើកឡើងថា បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាវិភាគថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូក។ ករណីនេះ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបកស្រាយពន្យល់ដល់សាធារណ មតិមេត្តាជ្រាបថា បន្ទាប់ពីការប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាលើការឡើងថ្លៃសាច់ជ្រូកលើទីផ្សារ ក្នុងនោះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឯកភាពឱ្យមានការសិក្សាថ្លៃដើមផលិតកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា ធៀបទៅនឹងប្រទេសជិតខាង ប៉ុន្តែបានទទូចមិនឱ្យមានការរៀបចំនីតិវិធីដេញថ្លៃផ្គត់ផ្គង់ជ្រូករស់នោះឡើយ។

ការសិក្សាថ្លៃដើមផលិតកម្មជ្រូកគឺក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រគល់ជូនក្រសួងពាណិជ្ជកម្មដើម្បីដឹកនាំ ដោយមានការចូលរួមពីជំនាញការជាតិមួយរូបបានធ្វើការសិក្សាដោយឯករាជ្យ។
លទ្ធផលនៃការសិក្សាគឺ ស្នើសុំឱ្យមានការយកចិត្តទុកដាក់បង្កើនផលិតកម្មក្នុងស្រុក ហើយត្រូវមានយុទ្ធសាស្ត្រ គាំទ្រដូចដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើង ប៉ុន្តែពុំមានផ្តល់យោបល់ឱ្យមានយន្តការដេញថ្លៃនាំចូលជ្រូកនោះទេ។

ការទទូចលើកយកយន្តការដេញថ្លៃ ជ្រូករស់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ មិនដែលមានបំណងមិនចូលប្រជុំពាក់ព័ន្ធនឹងជំនាញរបស់ខ្លួននោះឡើយ តែអ្វីដែលសំខាន់ នោះគឺ លទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឱ្យបង្កើតយន្តការដាក់ដេញថ្លៃនោះទេ បែរជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តជំរុញរៀបចំសៀវភៅបន្ទុក ស្ដីពីការដេញថ្លៃនាំចូលសត្វជ្រូករស់មកផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅច្រកព្រំដែនជាមួយប្រទេសថៃ ឬប្រទេសវៀតណាម។

ការលើកយកយន្តការរៀបចំដេញថ្លៃជ្រូករស់មកផ្គត់ផ្គង់ទីផ្សារពេលមានតម្រូវការខ្វះខាតក្នុងស្រុក ក្នុងរយៈ ពេលមួយកំណត់ទាំងបរិមាណ និងតម្លៃគឺជាយុទ្ធសាស្ត្រមួយដែលពិបាកនឹងអនុវត្ត ព្រោះថាតម្លៃជ្រូករស់មានការប្រែប្រួលជានិច្ចទៅតាមពេលវេលា និងទីកន្លែង ប្រសិនបើមានជំងឺផ្ទុះឡើងនោះតម្លៃមានការប្រែប្រួលខ្លាំងបំផុត។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមានការសោកស្តាយជាទីបំផុតក្រោយពីទទួលបានឯកសារ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដោយពុំមានសកម្មភាពគាំទ្រដល់អនុវិស័យសុខភាពសត្វ និងផលិតកម្ម សត្វចូលរួម ទោះជាអនុវិស័យនេះមានការចូលរួមដោយផ្ទាល់ពីការស្រូបយកកំលាំងពលកម្ម និងកំណើនជីវភាព គ្រួសារ និងសេដ្ឋកិច្ចជាតិក៏ដោយនោះ។

ជាថ្មីម្តងទៀតអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគាំទ្រយ៉ាងពេញទំហឹងនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា ត្រូវពិនិត្យ លទ្ធភាពកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ- ក្នុងឱកាសប្រគល់សញ្ញាបត្រ នៅវិទ្យាស្ថានជាតិអប់រំ និងអនុសាសន៍នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែងថា សម្តេចមិន អនុញ្ញាតបណ្ដោយឱ្យមានការនាំចូលជ្រូករស់ ១លានក្បាល មកសម្លាប់ការចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។

គួររំលឹកផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីគោលបំណង នៃគំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។
ក្នុងគោលដៅធានាឱ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំអំពីគោលបំណងនៃ គំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ក្នុងចំណោមសាធារណមតិ, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបដូចតទៅ៖

(១) យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារ ទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ (អ្នកហូបសាច់ជ្រូក) ។ យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ។ នេះនឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ ។ ជាគោលការណ៍ រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុកឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល ។ ក្នុងករណីចាំបាច់មានតម្រូវការនាំចូលដើម្បីបំពេញសេចក្តីត្រូវការ ប្រើប្រាស់ក្នុងស្រុក ក៏ដូចជារក្សាថ្លៃសាច់ជ្រូកឱ្យស្ថិតនៅក្នុងកម្រិតមួយសមរម្យ យន្តការនេះនឹងពឹងផ្អែកលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នក្នុងការ (១).កំណត់កូតានៃបរិមាណនាំចូល, (២).កំណត់គុណវុឌ្ឍនៃក្រុមហ៊ុននាំចូល, និង(៣).ធ្វើការដេញថ្លៃដោយតម្លាភាព ។ ជារួម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នដែលមានតួនាទីក្នុងការកំណត់នូវចំនួនជ្រូករស់ដែលត្រូវនាំចូល ដើម្បី បំពេញតម្រូវការទីផ្សារក្នុងករណីចាំបាច់តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ ការរៀបចំយន្តការដេញថ្លៃនេះ គឺដើម្បីទាក់ទាញក្រុមហ៊ុនចូលរួមឱ្យបានច្រើន ក្នុងការដេញថ្លៃការនាំចូលជ្រូករស់ សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ ។

(២) យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលកំពុងត្រូវបានរៀបចំដោយក្រុម ការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាស្ថាប័នដឹកនាំសម្របសម្រួលរួម, មានគោលបំណងសំខាន់ គឺ ជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូក រស់ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់នៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ សំដៅជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ ១៩ ។

(៣) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសូមជម្រាបជូនផងដែរថា ដើម្បីចូលរួមជំរុញការចិញ្ចឹមជ្រូក ក្នុងស្រុកសំដៅកាត់បន្ថយការនាំចូល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអ្នកចិញ្ចឹមសត្វ នាពេលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជាបន្ទុករបស់រដ្ឋនូវអាករតម្លៃបន្ថែមលើជ្រូករស់ និងបានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទៅវិស័យកសិកម្ម រាប់បញ្ចូលទាំងអនុវិស័យចិញ្ចឹមជ្រូកផងដែរ ។ បន្ថែមពីនេះ, ដើម្បីបង្កើនភាពប្រកួតប្រជែងនៃអនុវិស័យ ចិញ្ចឹមជ្រូកក្នុងរយៈពេលមធ្យម និងវែង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសហការជាមួយក្រសួង ពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការសិក្សាអំពីការវិភាគថ្លៃដើមផលិតកម្មន ការចិញ្ចឹមជ្រូក និងកំពុងរៀបចំវិធានការជាក់លាក់ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ចំណី ពូជ ជីវសុវត្ថិភាព ជាដើម ដើម្បីកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹម ៕

អត្ថបទដែលជាប់ទាក់ទង