ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូអមដំណើរ ច្រៀងចំរៀង ជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពាន រង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

266

កូរ៉េ ៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ កុម្ភៈ ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចំរៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ បានផ្តល់នូវការរំជួយចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួយចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមក្នុងនាមគណៈប្រតិភូទាំងអស់ ឯកឧត្តមសូមប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅក្នុងបេសកកម្ម ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំបំផុតរបស់សម្តេច ឲ្យកាន់តែរឹងមាំរីកចំរើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។

នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាក់រ៉ាក់ទាក់ និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហម្មវិហាធម៌ ជាមួយកូនចៅរួមការងារទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង