ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ថ្លែងនូវសុន្ទរកថាគន្លឹះ , សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ នៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗមិនទទួលបានជោគជ័យ

287

 

កូរ៉េខាងត្បូង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

មហាសន្និបាទទាំងពីរនេះ ត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិត ហាក់ ចាហាន មូន ស្ថាបនិកសហព័ន្ធសន្តិភាពពិភពលោក, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក ព្រមទាំងភ្ញៀវកិត្តិយសជាមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកប្រមាណ ១៥៧ប្រទេស។

ក្នុងមហាសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងនូវសុន្ទរកថាគន្លឹះផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាការរួមចំណែកក្នុងការស្វែងរកពន្លឺសន្តិភាព និងការបញ្ចប់ជម្លោះនៅឧបទ្វីបកូរ៉េ ដែលបានបែកបាក់គ្នារយៈពេល៧០ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សង្គ្រាមកូរ៉េមានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែល មានអាយុកាលជាង ៦៩ ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ, កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ នៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗមិនទទួលបានជោគជ័យ ។ នោះហើយជាមូលហេតុដែលយើងត្រូវ មានភាពក្លាហាននាពេលនេះ ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន ។

តាមទស្សនៈរបស់ខ្ញុំ, សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល ដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់យើងមានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ ក្រឡាគ្នាទៅវិញទៅមក ។ យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់ តែច្រើន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ ។ ទន្ទឹមនេះ, ខ្សែជីវិតសេដ្ឋកិច្ច-សង្គមរបស់យើងត្រូវបានចងភ្ជាប់ទៅនឹងការរួមរស់នៅជាមួយគ្នា តាមរយៈសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន និង បើកចំហ ដែលទទួលយកកូរ៉េទាំងពីរ ។

បើនិយាយតាមបែបភូមិសាស្ត្រនយោបាយ, ឧបទ្វីបកូរ៉េ គឺជាច្រកទ្វារដ៏សំខាន់មួយទៅកាន់អាស៊ី មិនត្រឹមតែទាក់ទងនឹងអរិយធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងឱកាសសេដ្ឋកិច្ចផងដែរ ។ ជាជាង ចាត់ទុកឧបទ្វីបកូរ៉េគ្រាន់តែជា «តំបន់ទ្រនាប់ – Buffer Zone” នៅក្នុងនយោបាយមហាអំណាច, តំបន់នេះ គួរតែត្រូវបានចាត់ទុកថាជាស្ពាននៃជំនឿទុកចិត្ត និងជាទឹកដីនៃឱកាសសម្រាប់ទាំងអស់គ្នា ។ ប្រជាជនកូរ៉េ មានភាពច្នៃប្រឌិត, ប្រកបដោយថាមពល, ប្រឹងប្រែងធ្វើការ ហើយពួកគេអាចរួមចំណែកយ៉ាងធំធេងដល់ សេដ្ឋកិច្ចពិភពលោក ។ នៅពេលដែលសន្តិភាពត្រូវបានស្ដារឡើងវិញ, សក្តានុពលទាំងអស់ដែលមាននៅ ទីនោះ គឺអាចប្រើប្រាស់បានសម្រាប់តំបន់ និងពិភពលោក ។

ដើម្បីអាចសម្រេចទៅបាន, ការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមអន្តរជាតិ ក្នុងការធ្វើការរួមគ្ន ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់នៃសង្គ្រាមត្រជាក់ ។ យើងទាំងអស់គ្នាដឹងហើយថា ឧបទ្វីបកូរ៉េដែល បែកបាក់គ្នា គឺជាកេរ្តិ៍ដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហា អំណាច។ ជាអកុសល, មហាអំណាច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ ក្នុងការប្រកួតប្រជែង និងការព្យាករអំណាចរបស់ពួកគេ ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ, យើងត្រូវគិតពិចារណា ដូចខាងក្រោម៖

ទីមួយ, ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ ឆ្នាំ មកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតណាស់ ដំណើរការផ្សះផ្សាបន្តិចម្ដងៗ។ ដូចគ្នានេះដែរ, ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើង ជាដំណាក់កាល ។ ដូច្នេះ, ការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារៈសំខាន់បំផុត ។

ទីពីរ, សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាព នោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ ។ ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ ។ ការ ប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកានត ខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្ដនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយ ទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ ។

ទីប៊ី, ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្ដែងជាប្រចាំពីអ្នកចរចា សន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់, មិនមានភាព ចម្រូងចម្រាស, មិនសូវរសើប និងជាក់ស្ដែង ។

សម្តេចបានលើកឡើងថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលយើងបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស ។ យើងក៏ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងនយោបាយមហាអំណាចផងដែរ ។ ការរៀនសូត្រពីបទពិសោធន៍កន្លងមក, យើងអាចត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងស្វែងរកសន្តិភាពជូនប្រជាជនយើង ។ ការផ្សះផ្សាជាតិត្រូវតែកើតចេញពីខាងក្នុង ជាមួយភាពជាម្ចាស់លើ ប្រទេសជាតិ ជាកត្តាកំណត់ និងចាំបាច់ ។ យើងបានដឹងថាគ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងការ សម្រេចចិត្តដោយខ្លួនឯងនោះទេ ។

ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើងក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ, ខ្ញុំសូមស្នើគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នក ដែលប្រហែលជាមិនមែនជាទស្សនទានថ្មី ទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល ។

ហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង ។ ការរួមបញ្ចូលប្រព័ន្ធនយោបាយទាំងពីរនាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួច ទេ ។ ដូច្នេះ, យើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា ។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរួមរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបបនយោបាយ ទាំងពីរ ។

ហេតុអ្វីជាតិតែមួយ? កូរ៉េអាចត្រូវបានបែងចែកដោយទឹកដី តែមិនមែនប្រជាជន ។ កូរ៉េមានឈាម ជ័រខ្សែស្រឡាយតែមួយ ។ សុភាសិតខ្មែរមួយបានពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ។ ប្រជាជន គឺប្រៀបបានដូចជាទឹកដែលមិនអាចកាត់ផ្ដាច់បាន ។ ទន្ទឹមនេះដែរ, វប្បធម៌ គឺជាប្រភពដ៏សំខាន់សម្រាប់ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួម គឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍទៅជា ប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយ ដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និង ឯកភាពជាតិដ៏ជ្រាលជ្រៅ ។

បើតាមសម្តេច “ខ្ញុំជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែ មួយ» គឺជាក់ស្ដែង និងអាចសម្រេចបាន ព្រោះជាគំនិតផ្តួច-ផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ ។ គំនិតផ្តួចផ្តើមនេះ ជាផ្លែផ្កាដែលនៅ ទាប ដែលយើងអាចឈោងបេះបានយ៉ាងងាយ ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានបំផុសគំនិតដោយបេសកកម្ម របស់សហព័ន្ធសន្តិភាពសកល ក្នុងការលើកកម្ពស់គុណតម្លៃរួម, វិបុលភាពទៅវិញទៅមក និងការពឹងពាក់ គ្នាទៅវិញទៅមក ព្រមទាំងគោលការណ៍រួមនៃការជំរុញការគោរពគ្នាទៅវិញទៅមក, ការយោគយល់គ្នាទៅ វិញទៅមក, ការជឿទុកចិត្តគា្នទៅវិញទៅមក និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (M4P2) “។

ដើម្បីអាចសម្រេច, សម្តេចសូមស្នើជំហានជាក់ស្ដែងមួយចំនួនសម្រាប់ការពិចារណា ដូចខាងក្រោម៖

ទីមួយ, យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និង បើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ ។ តំបន់គ្មានយោធា DMZ អាចផ្តល់ជូននូវវេទិកាសម្រាប់ ការសម្តែងវប្បធម៌រួមគ្នា, ការតាំងពិព័រណ៍សិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ផ្សេងទៀត ។

ទីពីរ, កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម ។ បុព្វកថានៃរដ្ឋធម្មនុញ្ញនៃ អង្គការយូណេស្កូបានបំផុសគំនិតយើង ហើយខ្ញុំសូមដកស្រង់ដូចតទៅ «ដោយសារសង្គ្រាមផ្តើម ចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតី ការពារសន្តិភាព» ។

ទីប៊ី, កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េ, ភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ ។ ជាឧទាហរណ៍, ការទូតអាហារ អាចត្រូវបានលើកកម្ពស់រួមគ្នាដោយកូរ៉េទាំងពីរ ។

ជាចុងបញ្ចប់, សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្ដល់នូវធាតុផ្សំក្នុងគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» នេះ ដែលយើងអាចប្រើប្រាស់ឯក សារទស្សនទាននេះ នៅក្នុងសកម្មភាពជាក់ស្ដែង អាចសម្រេចបាន និងជាក់លាក់ ។ ជំនឿទុកចិត្តអាចក សាងបានដោយផ្អែកលើសកម្មភាព មិនមែនការសន្យាខ្យល់នោះទេ ។

ក្នុងពេលកំពុងបួងសួងសុំសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ, ខ្ញុំសូមជូនពរដល់ ប្រតិភូជាទីគោរពទាំងអស់ ដែលមានវត្តមានចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ នៅថ្ងៃនេះ សូមមានសុខភាពល្អ, សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង