គ្រោះថ្នាក់ចរាចរថ្ងៃទី១១ ខែកញ្ញា ស្លាប់៤នាក់ របួស១០នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់ របួសស្រាល ២នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៥នាក់(យប់៣នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូ ១១គ្រឿង រថយន្តតូច ៦គ្រឿង រថយន្តធំ ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់៤នាក់) , មិនគោរពសិទ្ធិ ៣លើក, មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ១លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៣លើក ផ្លូវខេត្ត ៧លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តតូច ៣លើក រថយន្តធំ ១លើក និងគោយន្ត ១លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១លើក ស្លាប់១នាក់(ស្រី) របួស១នាក់, តាកែវ ១លើក ស្លាប់១នាក់, ពោធិ៍សាត់ ១លើក ស្លាប់១នាក់, ព្រះសីហនុ ១លើក ស្លាប់១នាក់ និងភ្នំពេញ ៤លើក របួស៧នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល១១ថ្ងៃ គឺថ្ងៃទី១-១១ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ៨៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣៩នាក់ របួសសរុប ១២៣នាក់ របួសធ្ងន់ ៨៩នាក់ របួសស្រាល ៣៤នាក់ ៕