ក្រសួងអប់រំចាប់ផ្តើម ដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងបាក់ឌុប
ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។
គណៈកម្មការកោសល្យវិច័យ នឹងចាប់ដំណើរការការងារ ពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ប្រមាណជាង៤០០នាក់ បានលិខិតតវ៉ាដោយបានស្នើសុំដល់ក្រសួងអប់រំ សើរើសំណេរវិញ្ញាសាគណិតវិទ្យា ដើម្បីផ្ទៀងផ្ទាត់ឡើងវិញ ដោយសារបេក្ខជនទាំងនោះ បានទទួលពិន្ទុវិញ្ញាសាគណិតវិទ្យាទាប។
តំណាងបេក្ខជន បាននិយាយថា សិស្សពូកែផ្នែកគណិតវិទ្យា ប្រឡងធ្លាក់មុខវិជ្ជាគណិតវិទ្យាប្រតិកម្ម បាននាំគ្នាមកតវ៉ា ជាមួយគណៈកម្មការប្រឡងបាក់ឌុប ។ មាតាបិតារួមទាំងបេក្ខជនប្រឡងផង ដែលខ្លួនជាសិស្សពូកែផ្នែកគណិតវិទ្យា ហើយពេលប្រឡងពួកគេអះអាងថា ធ្វើបានល្អទៀត តែលទ្ធផលចេញមកបែរជាធ្លាក់ទៅវិញ ។ សង្ឃឹមថា ក្រសួងអប់រំនឹងបំភ្លឺករណីនេះ ដើម្បីឲ្យមាតាបិតា និង បេក្ខជនប្រឡងបានអស់ចិត្ត ៕