ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់យុវជន ប្រចាំខណ្ឌកំបូលលើកកម្ពស់ សុខភាព រិតចំណង សាមគ្កីភាព មិត្តភាព រវាងយុវជន ក្នុងសកម្មភាពសង្គម និងជៀសឆ្ងាយពីគ្រឿងញៀន

92

 

ភ្នំពេញ៖ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និត បន្ថែមទៀតសម្រាប់ស្រទាប់យុវជន រដ្ឋបាលខណ្ឌកំបូល បានបង្កើតព្រឹត្តិការកីឡាបាល់ទាត់ ដើម្បីដណ្តើមពានរង្វាន់យុវជនប្រចាំខណ្ឌ កំបូល សម្រាប់ឆ្នាំ២០២២ ដោយបានកៀងគរអោយមានការចូលរួមពីយុវជនមកពីគ្រប់សង្កាត់ក្នុងខណ្ឌកំបូល។

បើតាម លោក សេង គន្ធ អភិបាលរង ខណ្ឌកំបូល និងជាអនុប្រធានក្រុមការងារទទួល បន្ទុករៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់យុវជនខណ្ឌកំបូលឆ្នាំ២០២២ បានលើកឡើងឱ្យដឹង នៅក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់នេះកាលពីរសៀលថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ យុវជនខណ្ឌកំបូល ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព ក្នុងចំណោមយុវជន សង្កាត់ និងសង្កាត់ ក៏ដូចជាបង្ហាញ ពីតួនាទីរបស់យុវជន ក្នុងសកម្មភាពសង្គម ជាពិសេស តាមរយៈសកម្មភាពលេងកីឡា ដើម្បីសុខភាពផងនិងដើម្បីជៀសឆ្ងាយពីគ្រឿងញៀនផង។

លោកបានបន្ថែមថា ព្រឹត្តការណ៍នៅថ្ងៃនេះ បានកើតឡើងបន្ទាប់ពីកម្ពុជា បានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីការបិទបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយសមិទ្ធិផលយ៉ាងធំធេងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ យុវវ័យ កុមារ ដើម្បីបើកឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច-សង្គម ជាមួយការការរស់នៅតាមបែបគន្លងថ្មី “៣ការពារ ៣កុំ” និងការចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងផែនការចាក់វ៉ាក់សាំងដែលបានដាក់ចេញ និងអនុវត្តន៍ដោយអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុង ក្របខណ្ឌរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានមានប្រសាសន៍ឱ្យដឹងថា ក្រោមការផ្តួចផ្តើមគំនិតដ៏ របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌបានបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់យុវជនខណ្ឌកំបូល កាលពីឆ្នាំ ២០២០ ដែលកាលនោះក្រុមកីឡាបាលទាត់យុវជនសង្កាត់កំបូល ក្លាយជាម្ចាស់ជើងឯកនាពេលនោះ ។
ប៉ុន្តែដោយសារផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី ដ-១៩ ទើបការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានជាបន្តបន្ទាប់។ ដោយឡែកឆ្នាំ២០២២នេះ បន្ទាប់ពីបាន ប្រកាសបើកដំណើរការឡើងវិញគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គម ទើបរដ្ឋបាលខណ្ឌ មានលទ្ធភាពរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់យុវជនខណ្ឌកំបូលឡើងវិញ ជាមួយការការរៀបចំជួសជុលកែលម្អរឡើងវិញ នូវទីលានបាល់ទាត់នៅក្នុងបរិវេណវិទ្យាល័យបឹងធំ ស្ថិតនៅភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយការចាក់ដីឈូសឆាយ ពង្រាបបង្គាប់ និងដាំស្មៅធម្មជាតិ រៀបចំបង្គោលទី បំពាក់សំណាញ់ទី ដែលចំណាយថវិកាប្រហែល៣ម៉ឺនដុល្លាអាមេរិច ហើយថវិកាទាំងនេះ ទទួលបានការឧបត្ថម្ភគាំទ្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងខ្លួនខ្ញុំផ្ទាល់ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្នាំ២០២២នេះ រដ្ឋបាលសង្កាត់ទាំង៧ បានប្រមូលផ្តុំបង្កើតក្រុមកីឡាបាល់ទាត់ ដែលចេញពីស្រទាប់យុវជន ក្នុងមួយសង្កាត់០១ឬ០២ក្រុម សរុបចំនួន១២ក្រុម បែងចែកជា ២ពូល ពូល A មាន០៦ ក្រុម និងពូល B មាន០៦ក្រុម មានកីឡាករសរុបចំនួន២៨៣នាក់ និងមានចំនួន៣៨ ប្រកួត។ ការប្រកួតប្រើប្រាស់រូបមន្តប្រកួតវិលជុំ ដោយជ្រើសរើស០៤ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតនៅវគ្គបន្ត។ ព្រឹត្តិការណ៍ប្រកួតនេះ គ្រោងបញ្ចប់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង