ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ក្រុងពាលី បើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់បាន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

78

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីផង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខ សេចក្តីចម្រើនហើយ នៅព្រឹកថ្ងៃទី២២ កុម្ភៈស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះតែម្តង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា៖ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបាន សរុបចំនួន ២ គ្រឿង គឺ ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។

សាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់ មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ១៩ ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្វៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់ សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។

លោកសាំ ពិសិដ្ឋក៏បានបញ្ជាក់ទៀតថា៖ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន “ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ទទួលបានគោលការណ៍អនុញ្ញាតខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះ សម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃនៃកិច្ចសន្យាចំនួន ៣០០.០០០.០០០យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមៅការ អនុវត្តគម្រោង និងបានចុះកិច្ចសន្យាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តែ តំណាងដោយ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន (ដោយសារបញ្ហាការរីកំរាលដាលជាសកលជំងឺកូវីដ-១៩) នៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ ២.៣៤០.០០០.០០០ យ៉េនជប៉ុន
បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ថា៖ ក្នុងកម្មវិធីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការផ្អាកចរាចរជាបណ្តោះ អាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)ផងដែរ ពោលគឺរហូតដល់កម្មវិធីនេះ ត្រូវបានបញ្ចប់ ទើបបើកអោយធ្វើចរាចរជាធម្មតាឡើងវិញ៕

 

អត្ថបទដែលជាប់ទាក់ទង