ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជិះសេះ សង្ឃឹមដណ្ដើមបានមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣

56

ភ្នំពេញ៖កីឡាជិះសេះកម្ពុជា កំពុងសម្លឹងឆ្ពោះទៅរកមេដាយមាស នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយភាពជឿជាក់ បន្ទាប់ពីកីឡាករ-កីឡាការិនីរបស់ខ្លួន កំពុងសម្រុកហ្វឹកហាត់ជាមួយគ្រូបង្វឹកខ្មែរ និងអ្នកជំនាញមកពីបារាំង ។

លោកស្រី ទេព ម៉ូណាដែលជាប្រធានសហព័ន្ធបានលើកឡើងថាការប្រកួតថ្នាក់ជាតិឆ្នាំនេះ គោលបំណងសំខាន់ គឺដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីសម្រាប់ត្រៀមស៊ីហ្គេមនៅកម្ពុជា។សហព័ន្ធបានវាយតម្លៃខ្ពស់លើលទ្ធផល
បច្ចេកទេសរបស់កីឡាករ-កីឡាការិនី ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយវិញ្ញាសាជិះសេះលោតផ្លោះរបារនេះ ។

អ្នកស្រីលើកឡើងបែបនេះបន្ទាប់ពីសហព័ន្ធបានបញ្ចប់ការប្រកួតកីឡាជិះសេះជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២១ លើវិញ្ញាសាលោតផ្លោះរបារ(Jumping)ដោយជោគជ័យនៅមជ្ឈមណ្ឌលកីឡាCambodian Country Clubកន្លងទៅដែលការប្រកួតនេះធ្វើឡើង
ក្រោមថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។

ការប្រកួតជើងឯកថ្នាក់ជាតិ លើវិញ្ញាសា Jumping នេះសម្រាប់លេខ១ បានទៅកីឡាករ គិរី ចាន់តុលា, លេខ២ អ្នកអង្គម្ចាស់ នរោត្តម អម្រិតា និងលេខ៣ ស្ទួនបានទៅកីឡាករ គង់ រតនា និងកីឡាករ គ្រី សារឿន ។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏កំពុងដំណើរការការប្រកួតវិញ្ញាសារត់ចម្ងាយឆ្ងាយមួយទៀត នៅរមនីយដ្ឋានដំណាក់ដំរី ខេត្តកំពង់ស្ពឺ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៤នាក់ទៀតផង ។
បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតប្រចាំឆ្នាំនេះ សហព័ន្ធនឹងរៀបចំការប្រកួតដ៏ធំមួយទៀតក្នុងអម្លុង៦សប្ដាហ៍ខាងមុខនេះ ដែលការប្រកួតនោះនឹងមានកីឡាករ-កីឡាការិនី ក៏ដូចជាសេះល្អៗចូលរួមច្រើនជាងមុន ដើម្បីដុះខាតសមត្ថភាពកីឡាករ-កីឡាការិនីបន្ថែម សម្រាប់ត្រៀមឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ។
លោកស្រីបន្ដថា ការយកសេះរបស់យើង មកលោត អញ្ចឹងគាត់(កីឡាករ)បានស៊ាំជាមួយសេះ ដែលជាដៃគូរបស់គាត់ហើយ ។ អញ្ចឹងយើងសង្ឃឹមថា យើងចង់បានមេដាយមាស ពិតប្រាកដហើយ មានតែមេដាយមាស ដែលយើងកំពុងសម្លឹងមើល ។ បើសិនយើងឈ្នះមេដាយណាក៏ល្អដែរ តែបើយើងឈ្នះមេដាយមាស រឹតតែពិសេស ព្រោះវាជាអ្វីដែលយើងសម្លឹងមើលជ្រាលជ្រៅ ៕

អត្ថបទដែលជាប់ទាក់ទង