ក្រសួងសុខាភិបាល ហាមឃាត់ការ ចែកចាយ និងលក់ថ្នាំ Molnupiravir ដោយគ្មានការទទួលស្គាល់ត្រឹមត្រូវ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ និងលក់ថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravir ដោយគ្មានការអនុញ្ញាត។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញផ្សាយឡើងជាបន្ទាន់ គឺបន្ទាប់ពីមានគណនី បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយ លក់ផលិតផលព្យាបាលកូវីដ១៩ គ្មានលេខបញ្ជិកា។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាប ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ស្របពេលជាមួយ គ្នាកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលពិនិត្យឃើញ មានការចែកចាយ និងផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩Molnupiravir ពុំមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល មានឈ្មោះ ១. MERIPIR 400mg ២. MERIPIR 200mg ៣. MOLUZEN 800 ៤.MOLAZ ៥.Molenvir 200 ៦. MOLUZIR-US ៧. MPIRAVIR 200mg ៨. Molnupiravir Tablets 200mg ៩. MOLLINHEET គិតត្រឹមថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹង ទិញឱសថគ្រប់ប្រភេទ សូមពិនិត្យ មើលលតាបត្របច្ឆិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្អែក ១-ផ្នែកខាងលើមាន ឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ២-ផ្នែកខាងក្រោម មានលេខបញ្ញិកា ដូចមានគំរូភ្ជាប់ ជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Nolnupiruvir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាខាងលើ ជាបន្តទៀត ពីព្រោះឱសថទាំងនេះ មិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ចំពោះជនណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ឱសថ ខាងលើនេះជាបន្ទាន់។
ក្រសួងសុខាភិបាលនិងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។