ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការ​រង និង​នាយកដ្ឋាន​អង្គរក្ស ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​អគ្គរដ្ឋទូត​ និង​អនុព័ន្ធយោធា​ស្ថានទូត​ម៉ា​ឡេ​ស៊ី ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ មក​ធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​​កម្ពុជា

35

 

​ភ្នំពេញ​ ៖​ នៅ​នាយកដ្ឋាន​អង្គរក្ស​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ យឹ​ម​ លាង​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជុំ​ សា​វុ​ឌ្ឍ​ ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ បាន​ធ្វើការ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​លោក​ Khairul​ Kamaludin​ អគ្គរដ្ឋទូត​រង​នៃ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Hazmi​ Abd​ Hamid​ អនុព័ន្ធយោធា​ស្ថានទូត​ ព្រមទាំង​មន្ត្រី​ស្ថានទូត​មួយ​ចំនួន​ទៀត​ អំពី​ការងារ​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ដឹកនាំ​ដោយ​លោក​ Dato​ Sri​ Ismail​ Bin​ YAAKOB​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ដែល​នឹង​ត្រូវ​មក​ធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ខាង​មុខ​ ។

តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងអញ្ជើញចូលថ្វាយ បង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញ ចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម -សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។

ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក៏នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមាន ស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង