ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់កាន់កាប់ ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន

63

 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់កាន់ កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃ បេសកកម្មរក្សាសន្តិភាព ខណៈសហរដ្ឋអាមេរិកកំពុងវាយតម្លៃថាតើ បទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅក្នុង តំបន់កាន់កាប់ដោយ ក្រុមឧទ្ទាម គាំទ្រម៉ូស្គូ ដោយអះអាងថាវា ជាបេសកកម្មរក្សាសន្តិភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីទទួលស្គាល់ឯករាជ្យភាព របស់តំបន់ផ្តាច់ ខ្លួនទាំងពីរ របស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។

យ៉ាងណាក៏ដោយ, មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើបទបញ្ជារបស់ លោក ពូទីន ឱ្យកងទ័ពរុស្ស៊ីដឹកនាំការ ធ្វើបេសកកម្មរក្សាសន្តិភាពនេះ គឺជាសកម្មភាពឈ្លានពាន ដូចដែលបណ្ដាមេដឹកនាំ​ លោកខាងលិចបានព្រមាន អស់ជាច្រើនសប្ដាហ៍មកនេះ ឬក៏យ៉ាងណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យើងកំពុងវាយតម្លៃលើអ្វីដែលរុស្ស៊ីបាន និងកំពុងធ្វើ ដ្បិតសកម្មភាពរបស់ កងទ័ពរុស្ស៊ីក្នុងតំបន់ Donbass មិនមែនជារឿងថ្មីថ្មោងនោះទេ។ ដូច្នេះយើងនឹងបន្តតាមដាន រហូតដល់រថក្រោះធ្វើសកម្មភាព»។

គួរបញ្ជាក់ថា រុស្ស៊ីបានអះអាងជាច្រើនសប្ដាហ៍មកហើយថា ខ្លួនមិនមានផែនការវាយប្រហារ លើអ៊ុយក្រែននោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចបានព្រមានថា រុស្ស៊ីនៅតែត្រៀមលក្ខណៈឈ្លានពានអ៊ុយក្រែន។ ដោយឡែក បើតាមសេតវិមាន លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកទាំងអស់ ក្នុងការធ្វើវិនិយោគ, ពាណិជ្ជកម្ម និងហិរញ្ញវត្ថុទៅ និងមក នៅក្នុងតំបន់កាន់កាប់ របស់ក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ឬហៅកាត់ថា DNR and LNR៕

អត្ថបទដែលជាប់ទាក់ទង