ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនធំមួយរបស់ចិនស្នើសុំរដ្ឋសភាគំាទ្រការវិនិយោគរបស់ខ្លួននៅកម្ពុជា

201


លោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូរបស់ប្រទេសចិន បានស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រ និងផ្តល់កិច្ចសហការដល់ក្រុមហ៊ុនរបស់លោក ដែលមានបំណងយ៉ាងមុះមុត នៅក្នុងការវិនិយោគនៅកម្ពុជា ដែលជាផ្នែកមួយ ចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ។

លោក កឺ ឈួនបាវ បានលើកសំណើដូច្នេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសមជាមួយ សម្តេចប្រធាន រដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនសៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូរបស់ប្រទេសចិន បានជម្រាបសម្តេចប្រធានថា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជា លោកបានសង្កេតឃើញពីសក្តានុពលយ៉ាងខ្លាំង របស់កម្ពុជា ហើយនៅពេលត្រឡប់ទៅប្រទេសចិនវិញ ក្រុមហ៊ុនលោកនឹងទាក់ទាញអ្នកវិនិយោគនានាមកបណ្តាក់ទុននៅកម្ពុជា។

ក្រុមហ៊ុនសៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ គឺជាក្រុមហ៊ុនធំរបស់ចិន ដែលមានទុនវិនិយោគមកពីប្រទេសសឹង្ហបុរី និងសហរដ្ឋអាមេរិក ដែលមានទុន វិនិយោគប្រមាណ១៩ពាន់លានដុល្លារ។ ការវិនិយោគនៅកម្ពុជា ជាផ្នែកមួយក្នុងការអនុវត្តតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ នេះជាការ បញ្ជាក់បន្ថែមរបស់ លោក កឺ ឈួនបាវ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រចំពោះគម្រោងវិនិយោគនេះ ដោយសម្តេចបានគូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្ត ចំពោះវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ ហើយទទួលបានការចាប់អារម្មណ៍ និងការគាំទ្រដោយមាន ក្រុមហ៊ុនធំៗពីបរទេសជាច្រើន បាននឹងកំពុងអនុវត្តផែនការវិនិយោគរបស់ពួកគេ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបានជម្រុញឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់ ពីបរទេសមកកាន់កម្ពុជាកាន់តែច្រើនរៀងរាល់ឆ្នាំ ជាពិសេសប្រទេសចិនផ្ទាល់តែម្តង។ ចំណែកប្រទេសចិន ចិនគឺជាដៃគូរវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគរបស់ចិនឈរនៅលេខរៀងលំដាប់ ទី១ គឺមានទឹកប្រាក់ប្រមាណជា១៦ពាន់លានដុល្លារអាមេរិក។

បើតាមគម្រោងក្រុមហ៊ុនចិន សៀងហៃ គួស៊ីគ្រុប នឹងចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ឈ្មោះ ឆាយ ឆាយ អ៊ិនវេសម៉េន ក្នុងទំហំទឹកប្រាក់២០០លានដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង