ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ជួបពិភាក្សាការងារ ជាមួយប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

30

 

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា ការងារជាមួយ ឯកឧត្តម Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)។

ក្នុងជំនួបនេះ ឯកឧត្តម Joo Ok Lee បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ និងបានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ។

ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ ហើយនៅពេលនេះ ឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ ។
ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។
ឯកឧត្តម Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោ អំពីដំណើរការរៀបចំ កិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយឯកឧត្តមនឹងទទួលទស្សនៈ ក៏ដូចជាអនុសាសន៍ល្អៗពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវេទិកា សេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

ឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយ ឯកឧត្តម Joo Ok Lee ដែលលើកឡើងថា ប្រសិនបើគ្មានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម Joo Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំកូវី១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញកាលពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានការកើនឡើង ប្រមាណជា 5,6% សម្រាប់ឆ្នាំ២០២២ នេះ។

ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលទាំងអស់គ្នា រស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩ នោះ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជូន ឯកឧត្តម Joo Ok Lee នូវទស្សនៈរបស់សម្ដេច ពាក់ព័ន្ធទៅនឹងរូបមន្ត១បូក នោះគឺការវិនិយោគមិនប្រមូលផ្ដុំ មានន័យថាការវិនិយោគ នៅប្រទេសមួយហើយគប្បីណាវិនិយោគ នៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ១៩ រីករាលដាលជាដើម ប្រទេសមួយទៀតអាចបំពេញនូវតម្រូវការ ប្រទេសមួយទៀត ដើម្បីរក្សានូវស្ថិរភាព , ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថល មិនត្រឹមតែមិនមានការប៉ះពាល់ ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះ បាននឹងកំពុងតែវិវត្តរីកចម្រើន យ៉ាងឆាប់រហ័សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង