ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលការណ៍ រូបិយវត្ថុចំនួន៥ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នយោបាយរូបិយវត្ថុ

28

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការនយោបាយរូបិយវត្ថុលើកទី៥៨ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ នយោបាយរូបិយវត្ថុ។

អង្គប្រជុំបានពិភាក្សាលើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុសម្រាប់ អនុវត្តនាគ្រាខាងមុខ។

ការបើកប្រទេសឡើងវិញ បានផ្តល់ផលវិជ្ជមាន លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុកជាដើម ស្របពេលដែលសេដ្ឋកិច្ចពិភពលោក បន្តទទួលបានកំណើន។ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រា៣% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ ៤ ១០៨រៀល ក្នុងមួយដុល្លារអាមេរិក។

ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ ស្មើនឹង៨ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ បម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ ក៏ដូចជានយោបាយអត្រាប្តូរប្រាក់។

ធនាគារជាតិនៃកម្ពុជា បន្តអនុវត្តនយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែលបន្តរក្សាបានស្ថិរភាពរឹងមាំ ក្នុងវិស័យធនាគារ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តនយោបាយរូបិយវត្ថុ និងបានផ្តល់ការណែនាំ សម្រាប់ការអនុវត្តនយោបាយរូបិយវត្ថុ សម្រាប់គ្រាបន្ទាប់។ ការលេចឡើងមេរោគបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍អាចនឹងមានផលប៉ះពាល់ ដល់សន្ទុះកំណើន ក៏ប៉ុន្តែឥទ្ធិពលនេះរំពឹងថមថយ ដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល។

ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ គណៈកម្មាធិការនយោបាយរូបិយវត្ថុបានសម្រេច លើជំហរនយោបាយរូបិយវត្ថុដូចខាងក្រោម៖

១៖ បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗរួមទាំង ការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល។

២៖ រក្សាអត្រាការប្រាក់ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប។

៣៖ ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយ ដល់តម្រូវការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

៤៖ បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក។

៥៖ បន្តលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល៕

អត្ថបទដែលជាប់ទាក់ទង