ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រុញនិងពង្រឹងប្រសិទ្ធភាព និរន្តរភាពនៃការងារព្យាបាល បង្ការ ថែទាំបន្ត និងកាត់បន្ថយគ្រោះថ្នាក់បណ្តាល មកពីការប្រើប្រាស់គ្រឿងញៀន

68


​ភ្នំពេញ​៖ ក្រុមមន្រ្តីបច្ចេកទេសការងារព្យាបាលអ្នកញៀនគ្រឿងញៀន របស់រាជរដ្ឋាភិបាល​ និងអង្គការដៃគូ ជួបប្រជុំគ្នាដោះស្រាយ បញ្ហាអ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ។

លោកស្រី​ លឹម​ សាមាន​ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ​ បានមានប្រសាសន៍ថា សេវា
ព្យាបាលអ្នកញៀនគ្រឿញៀន ដោយផ្អែកលើសហគមន៍តាមមូលដ្ឋានសុខាភិបាល ទូទាំងខេត្តព្រះសីហនុមាន១១ទីតាំង ដែលបានផ្តល់សេវាព្យាបាល ផ្នែកសុខភាពផ្លូវចិត្តនិងគ្រឿងញៀន។

លោកស្រី​ ឧត្តមសេនីយ៍​ ជ័យ​ បុប្ផា​ បានថ្លែងគាំទ្រចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ដែលជាការចូលរួមចំណែក ក្នុងការការអនុវត្តផែនការសកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាពិសេសពង្រឹងភាពជាដៃគូ រវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីអនុវត្តច្បាប់ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ជាមួយគ្នានេះការចូលរួមរបស់មន្រ្តីអនុវត្តច្បាប់​ និងអាជ្ញាធរមូលដ្ឋានក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀន ទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក​ មណ្ឌលសុខភាព​និងការងារសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធក្នុងសហគមន៍មូលដ្ឋាន។

ក្នុងឱកាសនោះ​ លោកស្រី ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសសុខាភិបាល​ បានប្រសាសន៍ថា​ ក្នុងឆមាសទី១​ ឆ្នាំ២០១៨មានអ្នកញៀនគ្រឿងញៀន​ចំនួន៣២៣១នាក់​ បានមកយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលមានមន្ទីរពេទ្យបង្អែក​ និងមណ្ឌលសុខភាព​ ចំនួននេះ​មានការកើន​ឡើង១០០ភាគរយ​ បើធៀបឆ្នាំ២០១៧​ ហើយកន្លងមកប្រទេសកម្ពុជា បានទទួលជោគជ័យ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ ហើយបានទទួលពានរង្វាន់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ​ លោកស្រី ឱ​ វណ្ណឌីន​ បានថ្លែងបន្តដោយអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាល ក្នុងការកៀរគរប្រភពថវិកា និងបច្ចេកទេស ដើម្បីជម្រុញនិងពង្រឹងប្រសិទ្ធភាព និរន្តរភាពនៃការងារព្យាបាល បង្ការ ថែទាំបន្ត និងកាត់បន្ថយគ្រោះថ្នាក់បណ្តាល មកពីការប្រើប្រាស់គ្រឿងញៀន ការស្តារនីតិសម្បទាអ្នកញៀន និងការធ្វើសមាហរណកម្មអ្នកញៀនគ្រឿងញៀន ដែលជាសះស្បើយទៅរស់នៅក្នុងគ្រួសារ​ និងសហគមន៍វិញ៕​

អត្ថបទដែលជាប់ទាក់ទង